(រតនគិរី)៖ ការស្នើរបស់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី បែបនេះ ក្នុងពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ព្រមទាំងមន្ត្រីរាជការជាស្ត្រីមកពីមន្ទីរ អង្គភាពជំនាញទាំងអស់ជុំវិញខេត្ត ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ដែលបានប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងឱកាសនេះ លោក ណាប់ ប៊ុនហេង បានអបអរស្វាគមន៍ និងគាំទ្រចំពោះប្រធានបទស្តីពី «ស្ត្រីរួមគ្នា សុខសន្តិភាព ដើម្បីអភិវឌ្ឍន៍ក្នុងយុគសម័យ ឌីជីថល» សម្រាប់ទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ឆ្នាំ២០២៣នេះ ក្នុងគោលបំណង់លើកតម្លៃអំពីសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលជាលក្ខខណ្ឌដ៏ចាំបាច់ ដើម្បីឲ្យរាជរដ្ឋាភិបាលប្រទេសមួយមានលទ្ធភាពគ្រប់គ្រាន់ ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងសុខមាលភាពរបស់ប្រជាពលរដ្ឋបានទូទៅឆាប់រហ័ស។

ជាក់ស្តែង បច្ចុប្បន្ននេះ ក្រោមដំបូលសុខសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ថែរក្សាពូនជ្រុំ និងជំរុញឲ្យប្រជាពលរដ្ឋ បានចូលរួមការពារសុខសន្តិភាពនេះ ដើម្បីជាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ សង្គមជាតិឆ្លើយតបតម្រូវការ ដ៏ទំនើបទាន់សម័យរបស់ប្រជាពលរដ្ឋ ប្រកបដោយសមភាព សមធ៌មនៅយូរអង្វែងបន្តទៅមុខទៀត។

លោកបានបន្តថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់បង្កើតឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាតិលើកកម្ពស់សមភាព សមធម៌យេនឌ័រ និងការអភិវឌ្ឍន៍ ធនធានមនុស្សនៅគ្រប់ក្រសួង ស្ថាប័ន ដែលធនធានទាំងនោះបាននឹងកំពុងខិតខំយកចិត្តទុកដាក់ សហការអនុវត្តតាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសស្ត្រី ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចជាតិ ការរក្សានូវសន្តិសុខ ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រដល់ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី គណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ អនុវត្តគោលនយោបាយលើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌សង្គម វប្បធម៌ ប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរយើង»