(កំពង់ចាម)៖ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានរៀបចំប្រារព្ធពិធី​អបអរសាទរ​ខួបលើកទី១១​២ ទិវា​អន្តរជាតិ​នារី​ ៨មីនា​ ឆ្នាំ​២០២៣​ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»

ពិធីដែលបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក៏មានការអញ្ជេីញចូលរួមលោក លោកស្រី អធិការរងទទួលដឹកនាំផែនជំនាញ និងក្រុមគ្រួសារ ព្រមទាំងកងកម្លាំនគរបាលជានារី។

ថ្លែងក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឯម វឌ្ឍនា ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំ ជូនចំពោះនារី ជាកងកម្លាំង និងក្រុមគ្រួសារកងកម្លាំងទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។

លោកវរសេនីយ៍ឯក ឯម វឌ្ឍនា បានជំរុញដល់កងកម្លាំងនគរបាលជានារី ត្រូវយកចិត្តទុកដាក់ គោរពវិន័យ តួនាទី ភារកិច្ច ការរក្សាសុខសន្តិភាពសង្គម ពង្រឹងការអភិវឌ្ឍខ្លួនចំពោះចំណេះ ជំនាញ សមត្ថភាពបន្ថែមឲ្យស្របតាមយុគសម័យឌីជីថល ដើម្បីឲ្យកាន់តែមានភាពស្មើមុខ ស្មើមាត់ ក្នុងការបំពេញការងារ និងកាន់តំណែងខ្ពស់ដូចកម្លាំងនគរបាលជាបុរស។

ជាមួយគ្នានេះ លោកអធិការ ក៏បាននាំយកនូវវត្ថុអនស្សាវរីយ៍ និងថវិការបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដែលបានឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលជាតិជានារី និងក្រុមគ្រួសាររបស់លោក លោកស្រីអធិការរង នាឱកាសពិធី​​អបអរសាទរ​ខួបលេីកទី១១​២ ទិវា​នារីអន្តរជាតិ​៨ មីនា​ ឆ្នាំ​២០២៣​ផងដែរ៕