(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តហ៊ីយ៉ានដាយ ដឹកឥវ៉ានពេញបើកតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុ ម្ដុំរោងចក្រអ៊ីខាង បានឈប់ស្តុប ក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនខេស៊ីមែន បើកស្របគ្នាមកពីក្រោយបណ្ដាលឲ្យ កៀរអូសទៅបុកលូ ហើយបែកកង់មុខខាងស្ដាំជ្រុល ទៅបះបង្គោលភ្លើងស្តុបទៅមុខលែងរួចតែម្ដង ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី៤ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហ៊ីយ៉ានដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3-C3720 បើកពីជើងទៅត្បូងខណះមកដល់ចំណុច កើតហេតុខាងលើ បានឈប់ស្តុប ស្រាប់ពេលនោះក៏មានរថយន្ត HINO ក្បាលពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3-A9466 របស់ក្រុមហ៊ុនខេសីុមែន បើកដោយយុវជនម្នាក់ស្របគ្នា មកពីក្រោយដោយមិនបាន គោរពភ្លើងស្តុបទេបានបើកវ៉ាជែងបណ្ដាលឲ្យ កៀរជាប់កន្ទុយខាងក្រោយ អូសមកបុកលូបណ្ដាលឲ្យបែកកង់ខាងមុខ ជ្រុលទៅប៉ះបង្គោលភ្លើងទៅមុខលែងរួច។
ពេលនោះ តៃកុងរថយន្តក្រឡុកស៊ីម៉ង់ដឹងថា រថយន្តរបស់ខ្លួនកៀររថយន្តគេហើយ ក៏បានបើកទ្វារថយន្តគេចខ្លួន បាត់ទុករថយន្ត ចោលបណ្ដាលឲ្យស្ទះចរាចរណ៍ ដែនតែនតាប់ពេញផ្លូវ។
ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែងបម្រុង យករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៍ ជើងគោកស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ ស្រាប់តែមានតំណាងខាងរថយន្ដក្រឡុកស៉ីម៉ង់ ជារថយន្ដបង្កបានចេញមកធានាអះអាង ព្រមយករថយន្ដរងគ្រោះ ទៅជួសជុលសងវិញ ដើម្បីបញ្ចប់រឿងតែម្ដងទៅ ៕