(កំពត)៖ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី និងភ្ជាប់នូវកម្មវិធីហែរពានជ័យលាភី ទីក្រុងស្អាតរំដួល៣ទង លើកទី៣ សម្រាប់ខេត្តកំពត។ ពិធីខាងលើនេះបានប្រព្រឹត្តធ្វើឡើងនាថ្ងៃថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញ នៅសាលប្រជុំសាលាខេត្តកំពត។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ តំណាងក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់វុធ អាជ្ញាធរ តំណាងប្រជាពលរដ្ឋនិងសិស្សានុសិស្ស និស្សិត។

នីឱកាសនោះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សេងបារី និងការហែរពានជ័យលាភី ទីក្រុងស្អាតផ្ការំដួល៣ទង លើកទី៣ សម្រាប់ទីក្រុងកំពត ពេលនេះ គឺជាកិត្តិយស និងដើម្បីពង្រឹងកិត្តិនាមក្នុងការលើកកម្ពស់មុខមាត់ខេត្តកំពតឱ្យកាន់តែមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបន្ថែមទៀត។

លោកអភិបាលខេត្ត បានបន្តថា ការទទួលបានជ័យលាភី ពាក់ព័ន្ធ ការអភិវឌ្ឍវិស័យទេសចរណ៍ សម្រាប់ទីក្រុងកំពត នាពេលនេះ មិនមែនបានមកដោយចៃដន្យនោះទេ តែវាពិតជាកើតចេញពីការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមុះមុត របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កិច្ចសហការល្អ និងការចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុក ប្រតិបត្តិករក្នុងអាជីវកម្ម សេវាកម្មផ្សេងៗ បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ពន្ធ័នានា ក្នុងការជំរុញ និងរួមគ្នាធ្វើការអភិវឌ្ឍន៏ទីក្រុងកំពតផងដែរ។

លោក ហោ សារុន បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងបានអនុវត្តដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ឈរលើមូលដ្ឋានសំខាន់ស្របគ្នា គឺការបង្កើតឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ។ ឈរលើមូលដ្ឋាននេះពាក់ព័ន្ធវិស័យទេសចរណ៍ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត បដិសណ្ឋារកិច្ចល្អ ដែលជាយុទ្ធសាស្ត្រ មួយដ៏សមស្របក្នុងការចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាសបៃតងនិងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាតបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។

លោករដ្ឋលេខាធិការ ក៏បានអំពាវនាវដល់រដ្ឋបាលខេត្ត ក្រុង ស្រុក បំផុសឱ្យមានការចូលរួមយ៉ាងសកម្ម ពីប្រជាពលរដ្ឋគ្រប់រូប តាមរយៈការពង្រឹងភាពជាម្ចាស់ នៅក្នុង ការអភិវឌ្ឍ និងថែរក្សាទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អ ស្អាត ឆ្លាត និងបៃតង។

សូមបញ្ជាក់ថា ជ័យលាភីដែលខេត្តកំពតទទួលបាន នឹងធ្វើការប្រគល់ជូននាពេលនេះមាន៖

*១៖ ក្រុងទេសចរណ៍គ្មានផ្សែងបារីទី១ នៅកម្ពុជា របស់សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្មេយ៍។
*២៖ ពានជ័យលាភី ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍
*៣៖ វិញ្ញាបនបត្រទទួលស្គាល់ ក្រុងកំពត ទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍ និងពិធីនេះក៏បានដង្ហែពាន

ផ្ការំដួល៣ទង ដែលទទួលបានក្នុងទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញផងដែរ៕