(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣នេះ លោកបណ្ឌិត សឹង សំណាង សមាជិកគណ:កម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានស្រុកកំពង់លែង បានចុះផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា និងប្រកាសកែសម្រួលក្រុមការងារគណបក្សចុះជួយមូលដ្ឋាន។
ពិធីនេះធ្វើឡើងនៅបរិវេណទីស្នាក់ការគណបក្សស្រុកកំពង់លែង ដោយមានការអញ្ជើញចូលរួមពីលោក កែវ ពៅ សមាជិកអចិន្ត្រៃយ៍ និងជាអនុប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកកំពង់លែង លោក អ៊ូ ជួបកុសល អនុប្រធានក្រុមការងារគណបក្សខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់អស់លោកជាប្រធានគណបក្សស្រុកកំពង់លែង ក្រុមការងារចុះជួយមូលដ្ឋានឃុំ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណ:សាខាបក្សភូមិ ប្រធានក្រុមបក្ស យុវជន ស.ស.យ.ក សង្កាត់ និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសកម្មជន យុវជនគណបក្សសរុប ៥៧១នាក់។
នាឱកាសនោះ លោកបណ្ឌិត សឹង សំណាង បានអានព្រះរាជសាររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មកលោកអនុប្រធានក្រុមការងារគណបក្សស្រុកកំពង់លែង បានឡើងអានលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សជូនអង្គពិធី។
ក្នុងឱកាសនោះលោកបណ្ឌិត សឹង សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាន ខិតខំអនុវត្តគោលនយោបាយសុខសន្តិភាព និងរក្សាប្រៀបឈ្នះនៅគ្រប់កាលៈទេសៈជាមួយការទប់ស្កាត់ព័ត៌មានភូតកុហករបស់ពួកអគតិ ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាល កម្ពុជា ដែលបានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជូនតាមលិទ្ធប្រជាធិបតេយ្យ។
បន្ថែមពីលើនោះ រាជរដ្ឋាភិបាលសកម្មភាពទប់ស្កាត់ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សាក្នុងគ្រួសារ សង្គមគ្មានគ្រឿងញៀន គ្មានក្មេងទំនើងអុកឡុកសេចក្តីសុខប្រជាជន។
លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា មេឃុំ មេភូមិ ត្រូវខិតខំបំពេញសេវាជូនប្រជាពលរដ្ឋ និងដឹងសុខទុក្ខប្រជាពលរដ្ឋប្រកបដោយការជឿជាក់ ហើយត្រូវហ៊ានដកមន្ត្រីអសកម្ម ដើម្បីឱ្យដំណើរការគ្រប់គ្រងភូមិឃុំទទួលបានភាពល្អប្រសើរនិងទាន់ពេលវេលា។ ក្រុមការងារគណបក្ស ត្រូវរៀបចំត្រៀមលក្ខណៈសម្បត្តិល្អប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានការគាំទ្រពីមហាជនក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ។ ពង្រឹងពង្រីកកម្លាំងគាំទ្រគណបក្សពីយុវជនគ្រប់ស្រទាប់ក្នុងភូមិឃុំពិសេសកម្លាំងកម្មករឱ្យចូលរួមគាំទ្រគណបក្សប្រជាជន ម៉្យាងទៀតរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ។
លោកបណ្ឌិត បានក្រើនរំលឹកថា ត្រូវបំបាត់ភាពអសកម្មចោលឱ្យអស់ពីក្នុងជួររដ្ឋបាលភូមិឃុំ
រក្សាបានការពេញចិត្តពីមហាជន។ ត្រូវជឿជាក់ថា ពេលគណបក្សប្រជាជនកាន់អំណាចនរណា ក៏អាចរស់ជាមួយបានទាំងអស់ ផ្ទុយទៅវិញប្រសិនបើពួកប្រឆាំងកាន់អំណាច គេនឹងបំផ្លាញទាំងអស់ពីលើដល់ក្រោម។
លោកបណ្ឌិត សឹង សំណាង ក៏បានណែនាំដល់សមាជិកឱ្យចុះលើកទឹកចិត្តប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕