(ភ្នំពេញ)៖ ស្ថាប័នចំនួន៤ បានសហការរួមគ្នា គាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យមានសមត្ថភាពគ្រប់គ្រង និងពង្រីកអាជីវកម្មរបស់ខ្លួន ព្រមទាំងមានលទ្ធភាពកាន់តែខ្ពស់ ក្នុងការទាក់ទាញបាននូវ ដៃគូសហការជាមួយវិនិយោគិនជប៉ុន។

ស្ថាប័នទាំង៤ រួមមាន មជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-ជប៉ុន (CJCC) សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI) សហគ្រិនខ្មែរ (KE) និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (TSC) បានចុះអនុស្សារណៈយោគយល់គ្នា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដើម្បីប្តេជ្ញាចិត្តរួមគ្នា គាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាព ក្នុងការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាផ្តល់ឱកាសដល់ម្ចាស់សហគ្រាស ក្នុងការពង្រីកបណ្តាញទំនាក់ទំនងឱ្យឆ្ពោះទៅរក ការអភិវឌ្ឍអាជីវកម្ម ប្រកបដោយចីរភាព និងលទ្ធភាព និងឱកាសទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរឡើង និងការកសាងទំនាក់ទំនងអាជីវកម្មរវាងកម្ពុជា និងក្រុមហ៊ុនជប៉ុន។

លោក ឃឹម លាង អនុប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានថ្លែងថា តាមការសហការនេះនឹងបង្កើតវគ្គបណ្តុះបណ្តាល បង្កើនសមត្ថភាពដល់ម្ចាស់អាជីវកម្ម ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រងអាជីវកម្មរបស់ពួកគេ ឱ្យកាន់តែមានប្រសិទ្ធភាព ធានានូវនិរន្តភាពអាជីវកម្មរបស់ខ្លួន។

ជាមួយគ្នានេះ តាមរយៈការសម្របសម្រួល របស់មជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-ជប៉ុននិង សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន នឹងជួយពង្រីកបណ្តាញរបស់សហគ្រិនខ្មែរ ឱ្យមានឱកាសសហការជាមួយវិនិយោគិនជប៉ុន ដើម្បីជួយដល់និរន្តភាពអាជីវកម្មរបស់ពួកគេ ខណៈបច្ចុប្បន្ននេះ វិនិយោគគិនជប៉ុនដែលបានមកស្វែងរកឱកាសវិនិយោគ មានការកើនឡើងគួរឱ្យកត់សម្គាល់។

លោក តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ» បានលើកឡើងថា គោលបំណងនៃការចុះអនុស្សារណៈនេះ គឺដើម្បីទាក់ទាញបាននូវវិនិយោគិនពីបរទេស ជាពិសេសវិនិយោគិនជប៉ុន ដើម្បីមកសហការ ឬគាំទ្រដល់អាជីវកម្ម ជាពិសេសអាជីវកម្ម start up ដែលនៅតែជួបបញ្ហាប្រឈមក្នុងការធ្វើអាជីវកម្ម។

លោកបន្តថា សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ» នឹងផ្តល់ការបណ្តុះបណ្តាលដល់សហគ្រាសធុនតូច និងមធ្យម និង start up និងសំរាំងនូវប្រភេទអាជីវកម្ម ដែលមានសក្តានុពល ដើម្បីឱ្យពួកគេមានឱកាសចាប់ដៃគូសហការជាមួយវិនិយោគិនជប៉ុន តាមរយៈការសម្របសម្រួលរបស់ CJCC និង CJBI ព្រោះដើម្បីឱ្យពួកគេអាចសហការជាមួយវិនិយោគជប៉ុន បានទាល់តែពួកគេមានសមត្ថភាពខ្លាំងដែរ។

បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ បានលើកឡើងថា សហគ្រិនខ្មែរ នឹងផ្តល់ជាថវិកាដល់អាជីវកម្ម ដែលមានសក្តានុពល ដើម្បីឱ្យពួករៀបចំធ្វើអាជីវកម្មរបស់ខ្លួន ក៏ដូចជាជួយបង្កើត និងពង្រីកបណ្តាញដល់ពួកគេ ជាមួយម្ចាស់អាជីវកម្មជោគជ័យ និងវិនិយោគិនដែលមានសក្តានុពល។

លោកបន្តថា «យើងបានជួយដល់ SME រាប់រយហើយ។ ហើយSME នីមួយៗអាចមានថវិកាខុសៗគ្នា តាមតម្រូវរបស់គាត់ ករណីដូចជា SME ដែលមានតែគំនិត គឺគាត់ទទួលបានថវិកាតូចប៉ុណ្ណោះទេ តែSME ដែលអាចនាំចេញបានគាត់អាចបានថវិកាច្រើន។ ប៉ុន្តែថវិកាទាំងអស់ហ្នឹង យើងមិនមែនចេះតែឱ្យទេ គឺថវិកាទាំងអស់នេះ យើងមានមេប្រយោគមកជួយរៀបចំជួយជ្រើសរើស ហើយឱ្យយោបល់ថា គាត់គួរតែយកថវិកាទាំងនេះយកទៅធ្វើអី មិនមែនយកទៅចាយតាមចិត្តទេ ព្រោះដោយសារយើងមានអ្នកចេះជំនាញច្បាស់លាស់ ដូចជាធនាគារ វិនិយោគិន សាស្រ្តាចារ្យ និងបុគ្គលដែលជោគជ័យក្នុងអាជីវកម្ម មកផ្តល់យោបល់ទៅឱ្យ SME និងតម្រង់ទិសពួកគេថា យកថវិកានេះ ទៅគួរតែធ្វើសកម្មភាពប៉ុណ្ណា គួរតែធ្វើទីផ្សារប៉ុណ្ណាជាដើម»