(កំពង់ធំ)៖ បណ្ដាញខ្សែទស្សនកិច្ចទេសចរណ៍បេតិកភណ្ឌពិភពលោកដែលមាននៅប្រទេសកម្ពុជា គឺមានលក្ខណៈពិសេសលើសគេសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ភ្ជាប់ជាមួយការផ្ដល់ចំណេះដឹង ប្រវត្តិសាស្ត្រ វប្បធម៌ សាសនា គំរូស្ថាបត្យកម្ម បរិស្ថាន និងការអប់រំយ៉ាងធំធេង ដែលមិនងាយមានប្រទេសណាមានដូចឡើយ, នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ថ្លែងក្នុងឱកាសបិទពិធីបុណ្យទន្លេលើកទី៧ នារាត្រីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ប្រទេសកម្ពុជាមានសក្ដានុពលវប្បធម៌យ៉ាងច្រើន ទាំងវប្បធម៌រូបី-អរូបី ប្រវត្តិសាស្ត្រ បេតិកភណ្ឌ និងភាពសម្បូរបែបផ្សេងទៀតនៃវិស័យវប្បធម៌ខ្មែរ។

លោកបានថ្លែងថា «កម្ពុជាគឺមានបណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោកនៅជាប់ៗគ្នា ដែលមិនមានប្រទេសណាមានដូចនោះទេ អមដោយសហគមន៍ទេសចរណ៍ជាច្រើនអនេក»

បណ្ដាញទេសចរណ៍បេតិកភណ្ឌពិភពលោក ដែលលោករដ្ឋមន្ត្រី ថោង ខុន ចង់សំដៅនោះគឺរួមមាន តំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមទាំងតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ ដែលកម្ពុជាកំពុងស្នើចុះបញ្ជីបេតិកភណ្ឌពិភពលោកថែមទៀត។

តំបន់អង្គរ គឺជារាជធានីខ្មែរបុរាណនាសម័យអង្គរជាង៦០០ឆ្នាំ ចាប់តាំងពីដើមសតវត្សទី៩ ដល់ពាក់កណ្ដាលសតវត្សទី១៥ ដែលភ្ញៀវទេសចរអន្តរជាតិស្គាល់ធំយ៉ាងទូលំទូលាយ។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។

តំបន់ប្រាសាទព្រះវិហារ គឺជារមណីយដ្ឋានបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា ដែលមានក្បូរក្បាច់រចនាយ៉ាងល្អវិចិត្រ អមដោយអាកាសធាតុ ទេសភាពយ៉ាងមហោស្ចារ្យនៅលើកំពូលភ្នំព្រះវិហារ។ ទីនោះជាព្រហ្មញ្ញសាសនដ្ឋានដ៏ធំមួយនៃមហាអាណាចក្រខ្មែរសម័យបុរាណ និងនៅតែជាទីស័ក្តិសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរសម័យបច្ចុប្បន្នផងដែរ។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ២០០៨។

តំបន់ប្រាសាទសំបូរព្រៃគុក គឺជាអតីតរាជធានីខ្មែរបុរាណសម័យចេនឡា ចាប់ពីសតវត្សទី៧-៨ ជារមណីយដ្ឋានបេតិកភណ្ឌ វប្បធម៌ ប្រវត្តិសាស្ត្រ និងជាព្រហ្មញ្ញសាសនដ្ឋានដ៏ធំមួយដែរសម្រាប់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។ តំបន់នេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅឆ្នាំ២០១៧។

លោក ថោង ខុន បានបន្ថែមថា ភាពរួសរាយរាក់ទាក់របស់ខ្មែរ គឺមិនដូចអ្នកដទៃនោះទេ បរទេសដទៃបើគេញញឹម គឺញញឹមចេញពីកែវភ្នែក ប៉ុន្តែអ្នកស្រុកខ្មែរ គឺញញឹមចេញពីបេះដូង។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវដល់អន្តរក្រសួង-ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំកសាងប្រទេសជាតិឱ្យកាន់តែរីកលូតលាស់ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ពិសេសគឺត្រូវចូលរួមថែរក្សាការពារសន្តិភាព ពីព្រោះសន្តិភាពគឺកត្តាសំខាន់បំផុតដែលទាក់ទាញឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិដើរទស្សនាកម្សាន្តនៅប្រទេសយើងកាន់តែច្រើន៕