(ភ្នំពេញ)៖ យោងតាមកំណត់ទូតនស្ថានទូតបារាំង ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី អាត់ សូហ្វី នាយិកា នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ផ្នែកសន្តិសុខ នៃក្រសួងមហាផ្ទៃ និងដែនដីឯនាយសមុទ្របារាំង បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការសង្កេតមើលប្រព័ន្ធបោះឆ្នោតបារាំង នៅទីក្រុងប៉ារីស ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ក្នុងពេលដែលកម្ពុជាកំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីជំនួបរវាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលភាគីបារាំងបានលើកឡើងពីគោលបំណងផ្តល់ការគាំទ្ រដល់កិច្ចការពាក់ព័ន្ធនឹងការងារបោះឆ្នោតនៅកម្ពុជា តាមរយៈការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ការងារ នៅសាធារណរដ្ឋបារាំង។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមមាន គ.ជ.ប ដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ ដែលពាក់ព័ន្ធនឹងការងារបោះឆ្នោត នឹងចេញដំណើរនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣៕