(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងបញ្ជាក់ថា ទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣នេះ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់របស់អំណាន ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងគុណសម្បត្តិគ្រប់ផ្នែក ព្រមទាំងមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិការស្នេហាជាតិ។

លើកឡើងនាឱកាសតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៀតថា ប្រធានបទ៖ «អំណានជាមាគ៌ាឆ្ពោះទៅបរិវត្តកម្មវិស័យអប់រំ» នៅក្នុងទិវាជាតិអំណានលើកទី៨ ឆ្នាំ២០២៣នេះ ពិតជាត្រឹមត្រូវស្របតាមកាលៈទេសៈបច្ចុប្បន្ន នៅចំពេលដែលសង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សក្នុងវិស័យអប់រំ ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបន្តថា ប្រធានបទឆ្នាំនេះមិនសំដៅត្រឹមតែការរៀនអក្ខរកម្ម, ចេះអក្សរ, ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែកគ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ ជាមួយគ្នានេះលោកស្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដោយបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំប្រកបដោយភាពអធិកអធម។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសប្បុរសជនទាំងអស់បន្តចូលរួមសហការ និងគាំទ្រដល់ការប្រារព្ធទិវាជាតិអំណាន ដែលនឹងប្រារព្ធជារៀងរាល់ឆ្នាំ ដោយបង្កើតឱ្យមានកម្មវិធីកាន់តែសម្បូរបែប ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាបន្តទៀត ដើម្បីជំរុញស្មារតីប្រជាជនកម្ពុជាឱ្យបង្កើនការចាប់អារម្មណ៍ចំពោះការអាន បង្កើតទម្លាប់អាន និងបង្កើនការតែងនិពន្ធឱ្យកាន់តែសកម្ម និងរស់រវើកដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថា ទិវាជាតិអំណានលើកទី៨ ឆ្នាំនេះ គឺជាទិវាជាតិប្រចាំឆ្នាំ ដើម្បីរំឭកដល់វីរភាពនិងគុណូបការៈដ៏ថ្លៃថ្លារបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌, អក្សរសាស្រ្តខ្មែរ, និងក្នុងគោលបំណងបណ្តុះទម្លាប់អាន, ជំរុញវប្បធម៌អាន, លើកកម្ពស់សមត្ថភាពអាន, ការតែងនិពន្ធ, និងការស្រាវជ្រាវ សំដៅរួមចំណែកការពារ និងលើកកម្ពស់វប្បធម៌, អរិយធម៌ខ្មែរ ព្រមទាំងពង្រីកចំណេះដឹងដល់ពលរដ្ឋកម្ពុជាគ្រប់រូប។

លោកបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ប្រធានបទនៃទិវាជាតិអំណានលើកទី៨នេះ មានគោលដៅឆ្លុះបញ្ចាំងអំពីអំណានជាមាគ៌ាជំរុញឱ្យមានការប្រែប្រួល ឬការផ្លាស់ប្តូរទស្សនវិស័យ ការគិត និងការប្រតិបត្តិនៃបរិស្ថានជុំវិញ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សង្គម-សេដ្ឋកិច្ច រួមទាំងវិស័យអប់រំ។ ខណៈដែលអំណានមានការវិវឌ្ឍទាំងខាងផ្នែកឥរិយាបថ, តម្រូវការនិងការផ្គត់ផ្គង់ វិស័យអប់រំក៏ត្រូវតែមានភាពឆ្លើយតប ជាពិសេសនៅក្នុងបរិបទនៃឌីជីថលូបនីយកម្ម រួមទាំងទី១៖ ការប្រែប្រួលផ្នែកគោលនយោបាយ គោលការណ៍ និងចក្ខុវិស័យ ទី២៖ ការបង្រៀននិងរៀនដែលត្រូវប្រែក្លាយពីការបង្រៀននិងរៀនតាមបែបប្រពៃណីទៅជាការបង្រៀននិងរៀនតាមបែបឌីជីថល, ទី៣៖ កម្មវិធីសិក្សានិងសៀវភៅសិក្សាគោល, និង៤៖ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមអង្គភាពអប់រំ និងសាលារៀន៕