(ភ្នំពេញ)៖ ចលនាមាតាធម្មជាតិ គឺជាចលនាមួយដឹកនាំដោយលោក អាឡិច ហាន់ដ្រូហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បុរសជនជាតិអេស្ប៉ាញ។
អាឡិច បានចូលមកកាន់ប្រទេសកម្ពុជាអំឡុងឆ្នាំ២០០៦ ហើយគេអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញ។ តាមរយៈចលនាមាតាធម្មជាតិ អាឡិច បានអូសទាញយុវជនជាច្រើនឱ្យចូលរួមធ្វើសកម្មភាពជាមួយខ្លួនក្នុងរឿងបរិស្ថាន។
ក្រុមរបៀបវារៈបរិស្ថាន អាឡិច តែងរុញយុវជនឱ្យធ្វើសកម្មភាពដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវ។ ជាពិសេសប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍នានារបស់រាជរដ្ឋាភិបាល ក្រោមហេតុផលប៉ះពាល់បរិស្ថាន។
ដោយមើលឃើញពីចេតនាទុច្ចរិតរបស់អាឡិច នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាល បានបណ្តេញ អាឡិច ចេញពីប្រទេស និងលែងឱ្យវិលចូលប្រទេសកម្ពុជាជារៀងរហូត។
លោក ម៉េង ហេង ស្ថាបនិកមួយនៃចលនាមាតាធម្មជាតិ ជាបុគ្គលមួយរូប ដែលបានធ្វើសកម្មភាពយ៉ាងសកម្មបំផុតប្រឆាំងនឹងរាជរដ្ឋាភិបាល ក្រោមរបៀបវារៈបរិស្ថាន។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោក ម៉េង ហេង បានទម្លាយថា សកម្មភាពការពារបរិស្ថានរបស់ចលនាមាតាធម្មជាតិ គឺគ្រាន់តែជាឈុតឆាកមួយបាំងមុខតែប៉ុណ្ណោះ តែបំណងពិតនៃចលនាមាតាធម្មជាតិ គឺការធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ការគាំទ្រ ហើយឈានទៅផ្តួលរំលំតែម្តង។
ខាងក្រោមនេះ ជាវីដេអូបទសម្ភាសន៍រវាង Fresh News ជាមួយលោក ម៉ែង ហេង បញ្ជាក់ពីល្បិចកិច្ចកលទុច្ចរិតរបស់ អាឡិច និងចលនាមាតាធម្មជាតិ៖