(ព្រះវិហារ)៖ លោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាប្រធានកិត្តិយសអនុសាខាកាកាបាទក្រហមកម្ពុជាស្រុក និងលោក ហែម ថុន សមាជិកក្រុមប្រឹក្សាស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនស្ត្រីឆ្លងទន្លេចំនួន៥គ្រួសារ នៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។

លោក វុធ តារ៉ា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិសេសផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល តែងតែគិតដល់សុខទុក្ខបងប្អូនរួមជាតិគ្រប់ៗរូប។

លោក វុធ តារ៉ា បានចូលរួមអបអរសាទរចំពោះស្ត្រីទាំង៥គ្រួសារ ដែលប្រសូត្របានសមាជិកថ្មីជាទីស្រឡាញ់ និងណែនាំដល់ស្ត្រីទាំង៥គ្រួសារដែលទើបសម្រាលថ្មីៗ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីសុខភាពកូន។ ជាមួយគ្នានេះ លោកបានថ្លែងកោតសរសើរដល់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកជាំក្សាន្តទាំងអស់ ដែលបានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់។

សូមបញ្ជាក់ថា សម្ភារដែលយកទៅផ្តល់ជូននៅពេលនេះរួមមាន៖ ពូកសម្រាប់ទារក ១ឈុត, មួក១, ស្រោមដៃ ស្រោមជើង១គូ, មុងទារក១, កន្សែងតូច១, ម្សៅ១ដប, សាប៊ូ១ដុំ, សារុង១, ក្រមា១, ភួយ១, មុង១ និងមី១កេស៕