(កោះកុង)៖ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងក្រុមសមាជិកប្រតិបត្តិនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ សែ្បកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ជាឃុំអស់មីន។

នាឱកាសនោះដែរ ទេសរដ្ឋមន្រ្តី បានលើកឡើងថា ដោយមានការគាំទ្រពីសមាគម TAFTAC កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ អាជ្ញាធរមីន បានដាក់ពង្រាយកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ធ្វើការបោសសម្អាតផ្ទៃដីមានមីនក្នុងទំហំ ១.១៣៩.៦៣៦ម៉ែត្រក្រឡា ស្មើនឹង ៨ចម្ការមីន ស្ថិតក្នុងឃុំកោះស្តេច និងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ ថវិកាទាំងនេះ បានមកពីកម្មវិធីរៃអង្គាសថវិកាពីរោងចក្រជាសមាជិករបស់សមាគម TAFTAC ប្រមាណ៧០០ ក្រោមអធីបតីភាពរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

ក្នុងនាម សម្តេចតេជោ ហ៊ុន សែន, ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧកញ៉ា គង់ សាង ប្រធានសមាគម TAFTAC ដែលបានផ្តួចផ្តើមឱ្យមានការចូលរួមពីសមាជិកទាំងអស់ក្នុងការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ដើម្បីផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ សមាគម TAFTAC គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងចូលរួមដល់កំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រជាជនកម្ពុជា ដែលមានកម្មករប្រមាណ ៨០ម៉ឺននាក់កំពុងបម្រើការងារ។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូលថា ដោយមានការយកចិត្តទុកពី សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣នេះ ក្រុង ស្រុកចំនួន០៦ ក្នុងខេត្តកោះកុងនឹងត្រូវបញ្ចប់ការងារបោសសម្អាតមីន រួមមានក្រុងខេមរភូមិន្ទ ស្រុកបុទុមសាគរ ស្រុកគិរីសាគរ ស្រុកស្រែអំបិល ស្រុកកោះកុង និងស្រុកថ្មបាំង ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមូលនិធិគ្មានមីនឆ្នាំ២០២៥ ប្រទេសជប៉ុន និងសមាជិក TAFTAC។ នេះគឺជាសមិទ្ធផលក្រោមម្លប់សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំពលីគ្រប់បែបយ៉ាងដើម្បីបញ្ចប់សង្រ្គាមទូទាំងប្រទេស និងលប់បំបាត់ការឈឺចាប់របស់ប្រជាពលរដ្ឋពីលទ្ធផលនៃសង្រ្គាម។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករំលឹក និងក្តីស្រឡាញ់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកោះកុង ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរួមទាំងការងារបោសសម្អាតមីន និងការជួយសង្រ្គោះជនពិការដោយសារមីន។

លោក Robert Hwang អនុប្រធានសមាគម TAFTAC បានលើកឡើងថា សមាគម TAFTAC មានការពេញចិត្តនឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ជាពិសេសការសម្រេចបាននូវទស្សនវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈអាជ្ញាធរមីន ដើម្បីឆ្ពោះទៅរកកម្ពុជាមួយគ្មានមីនឆ្នាំ២០២៥ និងបង្កើតស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

បើតាមលោកឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានឱ្យដឹងថា ការដ្ឋានបោសម្អាតគ្រាប់មីននៅភូមិសាស្ត្រឃុំកោះស្តេច បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ ដោយបានសង្គ្រោះផ្ទៃដីទំហំ ១,១៣៩,៦៣៦ម៉ែត្រក្រឡា។ រកឃើញមីនប្រឆាំងថ្មើរជើង និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះចំនួន ៨២គ្រាប់ និងអំបែងចំនួន ៤៣៦ដុំ៕