(កណ្ដាល)៖ សាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ និងឃុំខ្លួនក្មេងចំនួន៨នាក់ ដែលបានបង្កឲ្យមានការខូចខាតរថយន្តរបស់អ្នកដទៃ ដោយការប្រើដុំថ្មគប់ទៅលើរថយន្តដាក់ពន្ធនាគារ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា» មាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឲ្យដឹងពី លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣នេះ។

អ្នកនាំពាក្យដដែល បានថ្លែងបញ្ជាក់ថា ករណីខាងលើតំណាងអយ្យការ និងចៅក្រមបានចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា៤១១ក្រមព្រហ្មទណ្ឌ ដែលចៅក្រមស៊ើបសួរ គឺលោក អាត ច័ន្ទដារា និងតំណាងអយ្យការ គឺលោក ជួន សុបញ្ញា។

យោងតាមមាត្រា៤១១ចែងថា បទល្មើសដែលមានចែងក្នុងមាត្រា៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) នៃក្រមនេះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀលទៅ ១០លានរៀល នៅក្នុងករណីដូចតទៅ៖

*ទី១៖ កាលបើបទល្មើសនេះបានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្ដើមគំនិត ឬជាអ្នកសមគំនិត។
*ទី២៖ កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងទីកន្លែងលំនៅឋាន។

មាត្រា៤១០ នៃក្រមព្រហ្មទណ្ឌចែងថា «បទធ្វើអោយខូចខាតដោយចេតនា» អំពីប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោម ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ ត្រូវផ្ដាំទៀតទោសដាក់ពន្ធនាគារពី៦ ទៅ២ ឆ្នាំ ពិន័យជាប្រាក់ពី១លានរៀលទៅ ៤លានរៀល លើកលែងតែការខូចខាចមានលក្ខណៈស្រាល។

សូមរំលឹកថា ក្មេងទំនើងមួយក្រុមមានគ្នា៨នាក់ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ដប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានជាបន្ដបន្ទាប់។ ការចាប់ខ្លួនជាបន្ដបន្ទាប់នេះ រហូតមកដល់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក្រោយកើតហេតុការណ៍នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ នៅភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុកកៀមស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យទាំង៨នាក់ ដែលត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់នេះ រួមមាន៖ ទី១៖ឈ្មោះ ឡឹក ភាន ហៅ (បារាំង), ទី២៖ឈ្មោះ មឿន សំណាង, ទី៣៖ឈ្មោះ សុខ សុភារ៉ាត់, ទី៤៖ឈ្មោះ កែវ ពិសិដ្ឋ, ទី៥៖ឈ្មោះ នឿន វាសនា, ទី៦៖ឈ្មោះ លី ដារិន, ទី៧៖ឈ្មោះ រឿន វ៉ាយី និងទី៨៖ឈ្មោះ ម៉េត ម៉ានីកូ។

ក្រោយពីបានសាកសួររួចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានគប់កញ្ចក់រថយន្ដអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១ ពិតប្រាកដមែន៕