(បន្ទាយមានជ័យ)៖ មនុស្សប្រុសស្រី៧នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសជិតខាង ត្រូវកម្លាំងនគរបាលការពារព្រំដែនឃាត់ខ្លួន។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងត្រង់ចំណុចមាត់អូរព្រំដែន ភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

លោកវរសេនីយ៍ត្រី លី ស៊ាងយ៉ាង មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ និងលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍ស្ពានម៉ាឡៃនគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ ៨១៥ បានបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង៧នាក់នោះ មានម្នាក់ឈ្មោះ ច្រឹង សំអ៉ី អាយុ៣៧ឆ្នាំ ជាអ្នកនាំផ្លូវ ហើយរស់នៅស្រុកម៉ាឡៃ។

ដោយឡែក សម្រាប់ពលករផ្សេងទៀត មកពីខេត្តកំពត, កំពង់ចាម និងខេត្តបាត់ដំបង។ បន្ទាប់ពីបានធ្វើកិច្ចសន្យា និងអប់រំណែនាំរួច សមត្ថកិច្ចបានជូនអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្ដតាមនីតិវិធីបន្ដ៕