(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅម៉ោងប្រមាណជាង៨ព្រឹកថ្ងៃទី០៥ ខែកក្កដានេះ មានករណីទុស្សេខ្សែភ្លើង នៅតាមផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បណ្តាលឲ្យឆេះខ្សែភ្លើង ប្រអប់ភ្លើង ឆ្លងទៅសំយាបផ្ទះប្រជាពលរដ្ឋ។
តែយ៉ាងណាគ្រោះអគ្គិភ័យនេះ មិនបង្កឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនោះឡើយ ដោយគ្រាន់តែឆេះខ្សែភ្លើង ប្រអប់ភ្លើង និងសំយាបផ្ទះប្រជាពលរដ្ឋ នៅជិតនោះតែប៉ុណ្ណ៉ោះ ហើយករណីនេះ រថយន្តពន្លត់អគ្គិភ័យ បានចេញមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ផងដែរ។
បើតាមសាកសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា មូលហេតុនៃការឆេះនោះ អាចដោយសារតែផ្ទះលាងម៉ូតូ នៅជាប់បង្គោលភ្លើងនោះ បាញ់ទឹកប៉ះនឹងប្រអប់ភ្លើង ក៏ឆ្លងភ្លើងឆេះតែម្តងទៅ ហើយកន្លងមកប្រជាពលរដ្ឋនៅតំបន់នោះ ក៏ធ្លាប់ប្រាប់អាជ្ញាធរពីករណីនេះដែរ តែមិនមានដំណោះស្រាយ៕