(ភ្នំពេញ)៖ យានដ្ឋានជួសជុលរថយន្តមួយកន្លែង យីហោ «លី ឆាយ ៦៩៦» ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ តាមបណ្តោយផ្លូវហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះបានបំផ្លាញរថយន្តអស់ចំនួន៣គ្រឿង និងបានឆេះរាលដាលដល់រថយន្ត៤គ្រឿងផ្សេងទៀត។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ ចំនួន១០គ្រឿង ក្នុងនោះ បានប្រើប្រាស់ទឹកអស់៩ឡាន ស្មើនឹង ៣៦ម៉ែត្រគូប និងរថយន្តជំនួយមកពីផ្សារទំនើបអូឡាំព្យា ចំនួន២គ្រឿង មិនបានប្រើប្រាស់ទឺក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ចំពោះករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៤៖៣០នាទីល្ងាចនាថ្ងៃដដែរ។ ដោយក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសរងរបួសស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។ ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងភ្លើងចេញពីក្បាលអាគុយរថយន្ត ហើយយានដ្ឋាននេះជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ដែលមានទំហំ១៥ម៉ែត្រ គុណ៣០ម៉ែត្រ៕