(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធររាជធានីភ្នំពេញ រៀបចំឲ្យមានចំណតយានយន្តសាធារណៈ និងលើកទឹកចិត្តដល់វិស័យឯកជន ចូលរួមវិនិយោគអភិវឌ្ឍន៍ចំណតយានយន្តសាធារណៈ ដើម្បីកាត់បន្ថយការចតយានយន្ត តាមដងផ្លូវសាធារណៈ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំទៀតថា ការសាងសង់សំណង់នានារបស់រដ្ឋ និងឯកជន ក៏ត្រូវមានចំណតយានយន្ដឲ្យបានគ្រប់គ្រាន់ដូចគ្នាផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា កត្ដាមួយទៀតដែលអាចជួយសម្រួលដល់ការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញនោះ គឺជំុរញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងដឹកជញ្ជូន រួមទាំងការដឹកជញ្ជូនតាមផ្លូវទឹកជាដើម។

លើសពីនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តពុះពារអនុវត្តការងារឲ្យបានល្អក្នុងឆ្នាំ២០២៣នេះ ពិសេសចូលរួមធ្វើយ៉ាងណាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ មានសុវត្ថិភាព និងការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឲ្យទទួលបានជោគជ័យ និងមានសុវត្ថិភាព។

សម្ដេចក្រឡាហោម ស ខេង បានជំរុញឲ្យកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលរាជរដ្ឋាភិបាល បានសម្រេចអនុម័តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ដែលផ្ដោតសំខាន់ទៅលើការបែងចែកសិទ្ធិអំណាច តួនាទី និងការទទួលខុសត្រូវ រវាងក្រសួងស្ថាប័នថ្នាក់ជាតិ ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈ ងាយស្រួលដល់ការវិនិយោគឯកជនធ្វើសកម្មភាពផលិតកម្ម អាជីវកម្មនានាស្រប តាមគោលការណ៍ច្បាប់។

រដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើ សំណូមពរ បណ្ដឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ។ ត្រូវពង្រឹងការគ្រប់គ្រងមន្ដ្រីរាជការ បុគ្គលិកក្នុងការបំពេញការងារឲ្យបានត្រឹមត្រូវតាមពេលម៉ោងកំណត់។ ត្រូវខិតខំធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ នៃរាជធានីភ្នំពេញ និងជំរុញលើកទឹកចិត្តមន្ត្រីឲ្យធ្វើការចូលរួមក្នុងការអភិវឌ្ឍសមត្ថភាព ពិសេសសមត្ថភាពខាងព័ត៌មានវិទ្យា និងឌីជីថលដើម្បីឈោងចាប់យកបច្ចេកវិទ្យាទំនើប ក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេងថា អង្គសន្និបាត២ថ្ងៃនេះ បានប្រើប្រាស់វិធីសាស្ត្រ បែងចែកក្រុមពិភាក្សា ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន៥ជាលទ្ធផល គឺបានប្ដេជ្ញាចិត្តរួមគ្នាពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈម ដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ឆ្នាំ២០២៣។

លោកបន្តថា ឈរលើមូលដ្ឋានពិសោធន៍ នៃការរៀបចំកិច្ចប្រជុំអន្តរជាតិធំៗ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលកន្លងមកនេះ អង្គសន្និបាត បានយកបទពិសោធន៍ល្អៗ នៃការរៀបចំកិច្ចប្រជុំអន្ដរជាតិធំៗ នាពេលកន្លងមកសម្រាប់ធ្វើជាមូលដ្ឋាន និងបានដាក់ចេញនូវទិសដៅការងារបន្ត។

អង្គសន្និបាតបានដាក់ចេញនូវប្រតិបត្តិការព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការបន្តអនុវត្តយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ រូមទាំងបទល្មើសផ្សេងទៀត។ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ និងវឌ្ឍនភាពការផ្ដល់ប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌ នៅរាជធានីភ្នំពេញ៕