(ហាណូយ)៖ តួនាទីប្រមាណ ១០,០០៤កន្លែង នៃមន្ត្រីរាជការត្រូវបានដកចេញ អំឡុងពេល ៦ខែដើមឆ្នាំ២០១៦នេះ នៅក្នុងប្រទេសវៀតណាម ក្នុងន័យដើម្បីកាត់បន្ថយ ការបើកប្រាក់បៀវត្សន៍សរុប នៃប្រព័ន្ធរដ្ឋបាល។ នេះបើតាមការស្រង់សម្តីរដ្ឋមន្ត្រីកិច្ចការជាតិ លោក Le Vinh Tan ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅល្ងាចថ្ងៃទី៤ ខែកក្កដានេះ។
ការកាត់បន្ថយកម្លាំងបំពេញការងារសាធារណៈនេះ ត្រូវបានធ្វើឡើងក្នុងក្រសួង ចំនួន១៨ និង៦១តំបន់ នៅទូទាំងប្រទេស។ គួរជម្រាបថា គិតចាប់តាំងពីដើមឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន មន្ត្រីរាជការចំនួន ១៥,៧៧៩នាក់ ត្រូវបានដកចេញពីប្រព័ន្ធរដ្ឋបាលរបស់វៀតណាម។
បច្ចុប្បន្ន មានមន្ត្រីរាជការជាង ២.៦លាននាក់ កំពុងបម្រើការងារ នៅក្នុងប្រទេសវៀតណាម។ លោក Le Vinh Tan បានបញ្ជាក់ថា ចំនួនសមាជិកមន្ត្រីរាជការ ដែលត្រូវបាន កាត់បន្ថយកាលពីពេលកន្លងទៅ នៅតែមានកម្រិតទាប និងមិនស្របទៅតាមផែនការ ខណៈផែនការគ្រោងនឹងកាត់បន្ថយប្រមាណ ៤០,០០០នាក់ ក្នុងមួយឆ្នាំ ស្មើនឹង ១.៥ភាគរយ នៃមន្ត្រីរាជការសរុប នៅក្នុងប្រទេសវៀតណាម៕