(ភ្នំពេញ)៖ កំលាំងនគរបាលផ្នែកយុត្តិធម៌ បានសហការជាមួយ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមជាមួយថ្នាំញៀន២២កញ្ចប់ នៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយជនសង្ស័យទី១ ឈ្មោះ សុខ ចាន់ថា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកលក់។
និងទី២ មិនស្គាល់ឈ្មោះ (មនុស្សគ) អាយុប្រហែល២៧ឆ្នាំ ជាអ្នកមកទិញគ្រឿងញៀន ក្នុងនោះសមត្ថកិច្ច ដកហូតវត្ថុតាង រួមមានក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១០កញ្ចប់តូច។

សមត្ថកិច្ចខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា មុនកើតហេតុនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៦៖៥៥នាទី កំលាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការ នៅប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៦ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទាលគោក បានឃើញជនសង្ស័យជាមនុស្សគ កំពុងទិញពីជនសង្ស័យឈ្មោះ សុខ ចាន់ថា ភ្លាមនោះ យើងបានបង្រ្កាបដោយឃាត់ខ្លួន និងចាប់យកវត្ថុតាងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕