(ភ្នំពេញ)៖ ក្រោយលោក ជូលៀន ហ៊ីល តំណាងរាស្ត្រមកពីគណបក្សការងារ ដែលជាគណបក្សកាន់អំណាច នៃរដ្ឋាភិបាលអូស្ត្រាលី ចោទថា លោក គឹម សន្តិភាព និង លោក ហ៊ុន តូ នៃគណបក្សប្រជាជនកម្ពុជា (CPP) បានបង្កការគំរាមកំហែងទៅលើប្រជាជនខ្មែរនៅអូស្ត្រាលី លោក ឯម សុផល ជនជាតិអូស្ត្រាលីមានដើមកំណើតខ្មែរមួយរូប បានចេញមកច្រានចោលការចោទប្រកាន់នេះ និងចាត់ទុកថា ជាការនិយាយបំភ្លៃ។

ការចោទប្រកាន់របស់លោក ជូលៀន ហ៊ីល បានធ្វើឡើងពេលថ្លែងនៅក្នុងរដ្ឋសភាសហព័ន្ធនៃប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។

ថ្លែងប្រាប់ Fresh News លោក ឯម សុផល ដែលជាប្រធានសមាគមវប្បធម៌កម្ពុជាប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង ដែរនោះ លើកឡើងថា «ក្នុងនាមខ្ញុំបាទជាជនជាតិអូស្ត្រាលីមានដើមកំណើតខ្មែរមួយរូប មានការសោកស្ដាយជាទីបំផុតដោយបានឃើញលោក ជូលៀន ហ៊ីល តំណាងរាស្ត្រមកពីគណបក្សការងារ ដែលជាគណបក្សកាន់អំណាច បានថ្លែងនៅក្នុងរដ្ឋសភាសហព័ន្ធនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងនាមជាគណបក្សនយោបាយដែលខ្ញុំធ្លាប់បោះឆ្នោតគាំទ្រ បែរជាមានគំនិតបំបិទសិទ្ធិសេរីភាពគាំទ្រនយោបាយរបស់ប្រជាពលរដ្ឋអូស្ត្រាលីដែលមានតាមកំណើតជាខ្មែរទៅវិញ»។

លោក សុផល បន្តថា «តើលោកមានទឡ្ហីករណ៍អ្វីខ្លះដែលបង្ហាញថា លោក គឹម សន្តិភាព និង លោក ហ៊ុន តូ នៃគណបក្សប្រជាជនកម្ពុជាបាន​បង្កការគំរាម​កំហែងទៅ​លើប្រជាជនខ្មែរនៅអូស្ត្រាលី? តើលោកមានដឹងថា កន្លងមកមានការប្រើល្បិចសរសេរលិខិតគំរាមកំហែងដោយខ្លួនឯង ហើយទម្លាក់កំហុសទៅលើគណបក្សប្រជាជន​កម្ពុជាដើម្បីសុំសិទ្ធិច្រកកោននយោបាយនៅប្រទេសអូស្ត្រាលីដែរឬទេ? ជាមួយគ្នានេះដែរ តើលោកទទួលបានទិន្នន័យតាមរបៀបណាបញ្ជាក់ថាប្រជាជន​អូស្ត្រាលីដែល​មានដើមកំណើតខ្មែរទាំងអស់គាំទ្រគណបក្សប្រឆាំង ហើយមិនគាំទ្រគណបក្សប្រជាជនកម្ពុជា?»។

លោក សុផល ក៏ដូចជាប្រជាជនមួយចំនួនធំ៏ទៃទៀតដែលជាជនជាតិអូស្ត្រាលីមានដើមកំណើតខ្មែរ សុទ្ធតែមានទឹកចិត្តគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា​ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន ដោយហេតុថា៖

*ទី១៖ សម្ដេចហ៊ុនសែន បានតស៊ូរំដោះប្រទេសជាតិរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ ក្នុងខណៈពេលដែលពិភពលោកទាំងមូលមិនគិតដល់។

*ទី២៖ សម្ដេចហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាបានរកឃើញនៅយុទ្ធសាស្ត្រឈ្នះឈ្នះដែលដឹកនាំកម្ពុជាឲ្យមានសន្តិភាពពិតប្រាកដ។

*ទី៣៖ បើប្រៀបធៀបគណបក្សនយោបាយទាំងឡាយនៅប្រទេសកម្ពុជា លោកយល់ឃើញថាគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សជម្រើសទីមួយដែលមានសមត្ថភាពក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសន្តិភាព និងការអភិវឌ្ឍ និងទប់ទល់បានពីការឈ្លានពានពីមហិច្ឆតាបរទេសនានា។

«ហេតុនេះ ខ្ញុំសូមប្រើសិទ្ធិនយោបាយ ក្នុងនាមជាប្រជាពលរដ្ឋអូស្ត្រាលីដែលមានសេរីភាពក្នុងការធ្វើនយោបាយពេញលេញ ធ្វើការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសកម្ពុជាដែលជាប្រទេសដ៏កំសត់មួយ នៅលើពិភពលោកមិនឲ្យវិលទៅរករបបវាលពិឃាតជាថ្មីម្ដងទៀត»។ នេះបើតាម លោក សុផល។

ជាទស្សនៈរបស់លោក សុផល ការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការគាំទ្រនយោបាយគណបក្សណាមួយគឺជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ជាមួយគ្នានេះ លោកផ្ទាល់ក៏សូមគាំទ្រចំពោះសិទ្ធិសេរីភាពរបស់ប្រជាជនខ្មែរដទៃទៀតដែលគាំទ្រគណបក្សប្រឆាំង ឬគណបក្សដ៏ទៃទៀត ពីព្រោះថា យើងមិនអាចឲ្យមនុស្សគ្រប់គ្នាស្រឡាញ់អ្វីដូចយើងយល់ឃើញតែមួយនោះទេ ជាពិសេសយើងមិនអាចបង្ខំចិត្តប្រជាជនខ្មែរដែលអតីតជាកម្មាភិបាលរបស់ពួកប្រល័យពូជសាសន៍ប៉ុលពតដែលបានរត់ភៀសខ្លួន ទៅនៅប្រទេសអូស្ត្រាលី ឲ្យមកគាំទ្រសម្ដេច ហ៊ុនសែន ដែលជាអ្នកវាយរំលំរបបដឹកនាំរបស់ពួកគាត់នោះបានដែ៕