(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលការផ្សាយរបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី ក្នុងចេតនាទុច្ចរិតអុជអាលឱ្យមានការចលាចលក្នុងសង្គម។
ត្រកូលក្បត់ជាតិជំនាន់ទី៣ សម រង្ស៉ី នៅថ្ងៃនេះ បានបង្កើតព័ត៌មានក្លែងក្លាយ និងទុច្ចរិតលើទំព័រហ្វេសប៊ុក ដោយអំពាវនាវពលរដ្ឋឱ្យគាំទ្រសម្តេចពិជ័យសេនា ទៀ បាញ់ ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសប្រឆាំងដាច់ខាតចំពោះការផ្សព្វផ្សាយនេះ។ សម្តេច ទៀ បាញ់ ចាត់ទុកការផ្សាយនេះ មានចេតនាញុះញង់បំបែកបំបាក់ជាតិ។
«ខ្ញុំ និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត»។ នេះជាការគូសបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់។
សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ផងដែរថា កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គមជាតិមិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅប្រទេស បន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត៕