(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាភាពជាដៃគូជាមួយនឹងធនារគារឯកទេសវីង (Wing) ស្ដីពីកិច្ចព្រមព្រៀងរក្សាព័ត៌មានសំងាត់ ក្នុងការតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្ម របស់ក្រសួងពាណិជ្ជកម្ម ជាមួយប្រព័ន្ធទូទាត់របស់ធនាគារឯកទេសវីង ដើម្បីផ្ដល់ជូននូវសេវាកម្មកាន់តែរហ័ស កាន់តែសុវត្ថិភាព បង្កើនភាពងាយស្រួល សម្រាប់ប្រជាជន ក្នុងការបង់ប្រាក់កម្រៃសាធារណៈឲ្យមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស រួមទាំងពង្រឹងការគ្រប់គ្រង និងប្រមូលថវិកាចូលរដ្ឋ។
ការចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ នាទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមដោយផ្ទាល់ពី រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្កិ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានរបស់ក្រុមហ៊ុន Royal Group រួមទាំងមន្ដ្រីជាច្រើនរូបទៀត។
លោក ប៉ាន សូរស័ក្កិ ថ្លែងថា «ថ្ងៃនេះយើងខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង រក្សាព័ត៌មានសំងាត់ ក្នុងគោលបំណងរក្សាព័ត៌មានសំងាត់នានាៗ ក្នុងការតភ្ជាប់ប្រព័ន្ធប្រវត្ដិចុះបញ្ជីពាណិជ្ជកម្ម និងប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនប្រភពដើម របស់ក្រសួងពាណិជ្ជកម្មជាមួយ និងប្រព័ន្ធទូទាត់ និងការធ្វើប្រតិបត្តិការ ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក របស់ធនាគារឯកទេសវីង ដើម្បីឈានទៅរកការប្រើប្រាស់សេវារបស់វីង ក្នុងការទូទាត់កម្រៃផ្សេងៗ របស់ក្រសួងពាណិជ្ជកម្ម កាន់តែប្រើសើរឡើង»។
លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group បានថ្លែងផងដែរថា «ជាការពិតណាស់ ថ្ងៃនេះពិតជាសប្បាយជាទីបំផុត ចំពោះអ្នកអាជីករ ទាំងអស់ដែលរកស៊ីនៅកម្ពុជា ដែលមានការពាក់ព័ន្ធនឹងការបើកក្រុមហ៊ុនជាថ្មីនិងចាស់ ហើយក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលយកចិត្ដទុកដាក់ កែទម្រង់ស៊ីជម្រៅយ៉ាងធំធេង និងទូលំទូលាយក្នុងន័យនេះខ្ញុំគិតថាការចុះបញ្ជី និងការទូទាត់ នេះជាការវិជ្ជមាន នឹងបន្ដឈានមុខរហូត ហើយក្រោយពីមានការតភ្ជាប់រវាងប្រព័ន្ធ របស់ក្រសួងពាណិជ្ជកម្ម និងប្រព័ន្ធរបស់វីង យើងនឹងតភ្ជាប់ជាមួយអគ្គនាយកនៃអគ្គនាយកពន្ធដា តទៅទៀត ទន្ទឹមនឹង យើងនឹងតភ្ជាប់ អគ្គនាយក នាយកដ្ឋានអត្ដញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដើម្បីឲ្យស៊ីគ្នា និងតភា្ជប់គ្នា ឲ្យបានសុក្រិត ជៀសវាងការរត់ឯកសារទៅវិញទៅមក ចំណាយពេលវេលាយូរ ហើយក្រោយពីបានចុះហត្ថលេខា នៅថ្ងៃនេះ ផ្លាស់ប្ដូរទិន្ន័យទៅវិញទៅមក ខ្ញុំសង្ឃឹមថា យើងនឹងដាក់ឲ្យប្រើប្រាស់ឲ្យបានលឿនជាទីបំផុត»។
លោក អ្នកឧកញ៉ា បន្ដថា កិច្ចសហការនេះ ធ្វើឡើងដើម្បីជំរុញនូវការប្រើប្រាស់ សេវាកម្មដោយមិនចំាបាច់ប្រើប្រាស់ សាច់ប្រាក់ ជាពិសេសសហគា្រសធុនតូចនិងមធ្យម ក្នុងដំណើរការចុះបញ្ជីអាជីវកម្ម។ កិច្ចព្រមព្រៀងនេះ គឺអនុញ្ញាតឲ្យអាជីវករទំាងអស់ អាចចុះឈ្មោះអាជីវកម្មរបស់ខ្លួន នឹងបង់ថ្លៃសេវាផ្សេងៗតាមអ៊ីនធឺណិត។
គួរបញ្ជាក់ថា ធនាគារឯកទេសវីង (កម្ពុជា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេ នៅកម្ពុជា សម្រាប់ការទូទាត់សាច់ប្រាក់តាមទូរស័ព្ទដៃ ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយកបត្រ ទិញកាតទូរស័ព្ទ សេវាបើកប្រាក់បៀវត្សការទូទាត់លើអ៊ីធឺណិត និងវីងគិតលុយ។ ម្ចាស់អាជីវកម្មទាំងអស់អាចបើកគណនីវីង នៅតាមភ្នាក់ងារវីងណាមួយក៏បាន នៅទូទាំងប្រទេស និងប្រើប្រាស់សេវាកម្មវីង សម្រាប់អាជីវកម្មរបស់ខ្លួន៕
\