(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសំណេះសំណាល អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១២ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ស្ត្រីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»

ក្នុងនោះ ក៏មានការចូលរួមពីសំណាក់ លោកលោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក (ចំនួន១០៩នាក់)។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានផ្តាំផ្ញើរដល់កងកម្លាំងនគរបាលជានារី ត្រូវយកចិត្តទុកដាក់ គោរពវិន័យ តួនាទី ភារកិច្ច ការរក្សាសុខសន្តិភាពសង្គម ពង្រឹងការអភិវឌ្ឍខ្លួនចំពោះចំណេះ ជំនាញ សមត្ថភាពបន្ថែមឲ្យស្របតាមយុគសម័យឌីជីថល ដើម្បីឲ្យកាន់តែមានភាពស្មើមុខ ស្មើមាត់ ក្នុងការបំពេញការងារ និងកាន់តំណែងខ្ពស់ដូចកម្លាំងនគរបាលជាបុរស។

លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជូនបាច់ផ្កាដល់នារីម្នាក់ៗ១បាច់ និងថវិកាចំនួន៨ម៉ឺនរៀលក្នុងម្នាក់ ព្រមទាំងបានរៀបចំទទួលទានអាហារសាមគ្គីរួមគ្នាដល់កម្លាំងនគរបាលជានារីផងដែរ៕