(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន ជាដៃគូដ៏សំខាន់ក្នុងការចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជាមួយកងកម្លាំងមានសមត្ថកិច្ច ពិសេសនៅតាមគោលដៅដែលពួកគេឈរជើង បើទោះបីនេះជាវិស័យឯកជនក៏ពិតមែន។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ, សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យសន្ដិសុខឯកជន ស្ថិតក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព និងសមត្ថភាពភ្នាក់ងារសន្ដិសុខឯកជន ដែលជាកម្លាំងជំនួយដ៏សំខាន់នេះ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «សន្ដិសុខឯកជន នោះក៏សំខាន់ដែរ ឥលូវនៅតាមបុរីជាដើមមានសុវត្ថិភាពដោយសារសន្ដិសុខឯកជន។ កន្លងទៅនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ យើងមាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីពង្រឹងនេះជាចំណុចល្អ សូមមេត្ដាបន្ដយកចិត្តទុកដាក់។ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានជួយសហការបណ្ដុះបណ្ដាលនេះល្អណាស់»

បើតាមការអះអាងរបស់សម្ដេចក្រឡាហោម ស ខេង, ដើម្បីឲ្យភ្នាក់ងារសន្ដិសុខឯកជន មានសមត្ថភាពគ្រប់គ្រាន់នោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្ដបណ្ដុះបណ្ដាលភ្នាក់ងារសន្ដិសុខឯកជន តាមអ្វីដែលធ្លាប់អនុវត្តកន្លងមកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនសន្ដិសុខឯកជន គួរជ្រើសរើសភ្នាក់ងាររបស់ខ្លួន ចេញពីមន្ដ្រីនគរបាល យោធា ឬអាវុធហត្ថ ដែលចូលនិវត្តន៍ ព្រោះពួកគាត់ជាអ្នកដែលធ្លាប់មានជំនាញស្រាប់។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន បានចំនួន៤៦វគ្គ ហើយមានភ្នាក់ងារសន្តិសុខឯកជនដែលបានឆ្លងវគ្គ ជាង៨,១២០នាក់។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ធ្លាប់បានឲ្យដឹងថា តាមការវាយតម្លៃភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គនេះ ដែលជាភ្នាក់ងារសន្តិសុខឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ មានការយល់ដឹងខ្ពស់មាន និងក្រមសីលធម៌ល្អផងដែរ៕