(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបន្ដខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាមិនឲ្យ ប្រទេសកម្ពុជា ធ្លាក់ចូលក្នុងបញ្ជីប្រផេះជាថ្មី នៃក្រុមប្រទេសដែលមានហានិភ័យអំពើលាងលុយកខ្វក់

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា បើទោះបីអង្គការ FATF បានដកប្រទេសកម្ពុជា ចេញពីបញ្ជីប្រផេះក៏ពិតមែន ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា មិនទាន់ស្កប់ស្កល់នូវអ្វីដែលទទួលបាននៅពេលនេះទេ ពោលអ្វីដែលធ្វើបន្ដទៀតនោះ គឺប្រឹងប្រែងដើម្បីកុំឲ្យកម្ពុជាធ្លាក់ចូលបញ្ជីប្រផេះជាថ្មី។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ទោះបីអង្គហ្វាត សម្រេចឲ្យយើងបានចាកចេញពីបញ្ជីប្រផេះ ប៉ុន្ដែយើងក៏មិនត្រូវស្កប់ស្កល់នឹងលទ្ធផលដែលយើងបានធ្វើនោះទេ។ យើងត្រូវបន្ដខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជាការពង្រឹងនូវការជឿទុកចិត្ត ពីគ្រប់មជ្ឈដ្ឋានដែលមានការពាក់ព័ន្ធ ទាំងការវិនិយោគក្នុងស្រុក ក្រៅស្រុក ភ្ញៀវទេសចរនានាដែលមានការពាក់ព័ន្ធ»

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា គណៈកម្មការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ កំពុងតែរៀបចំនូវរបាយការណ៍បូកសរុបដកពិសោធន៍ ហើយបន្ទាប់ពីនោះនឹងធ្វើការប្រជុំដើម្បីប្រមូលនូវមតិយោបល់ ឬធាតុចូលនានាហើយដាក់ចេញនូវវិធានការអនុវត្តបន្ដទៀត ដើម្បីធានាថា ធនាគារប្រផេះ ឬខ្មៅ មិនអាចវិលត្រឡប់មកវិញ ហើយយើងមិនត្រូវមោទនភាពភ្លេចខ្លួនធ្វើអ្វីដែលនាំឲ្យប៉ះពាល់អាច នឹងធ្លាក់ក្នុងបញ្ជីប្រផេះដូចមុនទេ ព្រោះយើងធ្លាប់ធ្លាក់ម្ដងហើយ។

ត្រង់ចំណុចនេះ សម្ដេចបានសង្កត់ធ្ងន់ថា កិច្ចការងារនេះមិនមែនបុគ្គលណា ឬអង្គភាពណាធ្វើតែម្នាក់ឯងបានទេ គឺត្រូវតែរួមជាមួយគ្នាទាំងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសមិនប្រពៃណីផ្សេងទៀត ក៏នៅតែជាកម្មវត្ថុដែលយើងមិនអាចបន្ថូរបន្ថយបានទេ ព្រោះក៏ជះឥទ្ធិពលដល់ការសម្អាតប្រាក់ដែរ ឬបញ្ហាដទៃទៀត។

សូមរំលឹកថា អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។ ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមាន សេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។

ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ ​រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម៕