(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត សូមណែនាំដល់មន្ត្រីរបស់ខ្លួន ហាមមានការរើសអើងចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស ទៅរកសេវាព្យាបាលជម្ងឺ ព្រោះថ្លៃព្យាបាល គឺជាបន្ទុកចំណាយរបស់រដ្ឋាភិបាល។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៣ ក្នុងពិធីបិទ កិច្ចប្រជុំបូកសរុបការងារសុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានបន្តទៀតថា បច្ចុប្បន្នចំពោះអ្នកកាន់ប័ណ្ណ ប.ស.ស កំពុងជួបបញ្ហាប្រឈម ដោយសារកន្លងមក មានអ្នកកាន់ប័ណ្ណ ប.ស.ស ទៅមន្ទីរពេទ្យ ដើម្បីព្យាបាលសុខភាព ប៉ុន្តែត្រូវបានបុគ្គលិកពេទ្យ គេចវេស ពិសេសកន្លែងគណនេយ្យមិនទទួល។

ចំណុចនេះអាចពួកគាត់មិនទាន់បានយល់ថា ការព្យាបាលដល់អ្នកកាន់ប័ណ្ណ ប.ស.ស គឺជាបន្ទុកចំណាយថវិការបស់រដ្ឋាភិបាល ពោលគឺ រាល់សេវាព្យាបាល ខាងគណនេយ្យមន្ទីរពេទ្យត្រូវកត់បញ្ជី បន្ទាប់មកថ្លៃព្យាបាលគឺររដ្ឋាភិបាល ជាអ្នកចេញប្រាក់ជំនួស ។

លោកអភិបាលខេត្ត បានបន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីខាងលើ សូមថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ណែនាំដល់មន្ត្រីរបស់ខ្លួន មានដូចជា តាមបណ្តារ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សូមកុំឱ្យមានការរើសអើង ហើយត្រូវយកចិត្តទុកដាក់បម្រើសេវាជូនពួកគាត់ឲ្យបានល្អ ជាពិសេសចំពោះបងប្អូនដែលកាន់ប័ណ្ណប.ស.ស បើទោះពណ៌អ្វីក៏ដោយ សូមបម្រើសេវាជូនពួកគាត់ឲ្យបានស្មើៗគ្នាផងដែរ ។

ជាមួយគ្នានេះ អភិបាលខេត្តកំពង់ចាម ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការអភិវឌ្ឍន៍វិស័យសុខាភិបាលក្នុងខេត្តនូវសមិទ្ធផលជាច្រើន ក្នុងឆ្នាំ២០២២កន្លងទៅ ដែលបានរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចប្រកបដោយចីរភាព។

ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំដល់មន្ត្រីសុខាភិបាល សូមយកចិត្តទុកដាក់ ចុះពិនិត្យលើគុណភាពអនាម័យចំណីអាហារ តាមភោជនីយដ្ឋាននានា ដើម្បីបង្កើនទំនុកចិត្ត ចៀសវាងមានបញ្ហាបង្កធ្វើឲ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ។

ម្យ៉ាងទៀតប្រសិនបើ ការលក់ដូរចំណីអាហារដែលគ្មានអនាម័យ វាក៏អាចនាំឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគាត់ផងដែរ ដូច្នេះសូមក្រុមគ្រូពេទ្យរបស់យើង ចុះណែនាំពន្យល់ម្ចាស់ភោជនីយដ្ឋាន ឲ្យបានជាប្រចាំ រួមទាំងតាមបណ្ដាលរោងចក្រនានាផងដែរ៕