(ភ្នំពេញ)៖ លោក គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានចាត់ទុកថា ការចោទប្រកាន់លើរូបលោកថា គំរាមកំហែង និងបង្ខំពលរដ្ឋនៅអូស្រ្តាលីឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រៀបដូចជារឿង​ «ស្វាស៊ីបាយ លាបមាត់ពពែ!»

ការបញ្ជាក់រប​ស់ លោក គឹម សន្តិភាព បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីចោទប្រកាន់មកលើរូបលោក។

លោកបានប្ញជាក់ថា៖ «តែងតែមានការចោទប្រកាន់ជារឿយៗ ច្រើនលើកច្រើនសា នាពេលកន្លងមកនេះ មកលើរូបខ្ញុំ និងបងប្អូនមួយចំនួន ពាក់ព័ន្ធនឹងសំបុត្រអនាមិក គំរាមលើបុគ្គលមួយចំនួននៅប្រទេសអូស្ត្រាលី ព្រមទាំងការគំរាមកំហែងបងប្អូនពលរដ្ឋខ្មែរនៅអូស្ត្រាលី ដើម្បីឱ្យគាំទ្រគណបក្សប្រជាជនកម្ពុជា»

លោកបានបន្តថា៖ «បងប្អូនដឹងហើយថា ប្រទេសអូស្ត្រាលី ជាប្រទេសប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ដ៏តឹងរ៉ឹង ហេតុនេះសួរថា តើហេតុអ្វីបានជាសមត្ថកិច្ចអូស្ត្រាលី មិនចាត់វិធានការផ្លូវច្បាប់មកលើយើងខ្ញុំ ដូចការចោទប្រកាន់លើសកម្មភាពទាំងនេះ មកដល់ពេលនេះ?»

លោកបានបន្ថែមទៀតថា៖ ខ្ញុំសូមជូននូវចម្លើយចំនួន៣ប្រភេទ ដូចខាងក្រោមនេះ ដើម្បីទុកជូនពុកម៉ែបងប្អូនជួយពិចារណា និងជ្រើសរើសយកចម្លើយណាមួយ៖

ចម្លើយទី១៖ សមត្ថកិច្ចអូស្ត្រាលី អសមត្ថភាពក្នុងការស៊ើបអង្កេតរឿងនេះ!

បើចម្លើយទី១ ខាងលើនេះ មិនត្រឹមត្រូវ គឺមានតែចម្លើយទី២៖ សមត្ថកិច្ចអូស្ត្រាលី ជាបក្ខពួករបស់យើងខ្ញុំ កាន់ជើងយើងខ្ញុំ មិនស្រាវជ្រាវរឿងនេះ!

បើចម្លើយទី២ ខាងលើនេះ មិនត្រឹមត្រូវ គឺមានតែចម្លើយទី៣៖ វាជារឿងប្រឌិតមូលបង្កាច់ គ្មានភស្តុតាងណាមួយបញ្ជាក់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងនោះឡើយ!

មិនគួរប្រើយុទ្ធសាស្ត្រទុច្ចរិតណាមួយ ដែលជាចេតនាបង្កើតរឿងឡើងដោយខ្លួនឯង ហើយដាក់បន្ទុកសង្ស័យទៅលើអ្នកដទៃបែបនេះទេ!

ដូចពាក្យចាស់មួយពោលថា៖ ស្វាស៊ីបាយ លាបមាត់ពពែ!»៕