(ភ្នំពេញ)៖ រយៈពេល ២១ឆ្នាំនេះ ពោលគិតចាប់ពីឆ្នា២០០១ មកដល់ដំណាច់ឆ្នាំ២០២២ កូរ៉េខាងត្បូងបានសន្យាផ្តល់ឥណទានសម្បទានដល់កម្ពុជា មានទឹកប្រាក់សរុបប្រមាណជា ១៨០០លានដុល្លារអាមេរិក។ នេះបើតាមលោកស្រី គីម ឃ្យុងហ៉ី អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េ នៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣។

ថ្លែងក្នុងសិក្ខាសាលាស្តីអំពីការវាយតម្លៃប្រចាំប្រទេសលើកទី១ របស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលបានធ្វើឡើងរួមគ្នារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសកូរ៉េ លោកស្រី គីម ឃ្យុងហ៉ី បានកត់សម្គាល់ថា កម្ពុជា គឺជាប្រទេសដៃគូធំទី២ របស់ EDCF។

លោកស្រីបន្ថែមថា ជាមួយនឹងក្របខ័ណ្ឌហិរញ្ញប្បទាន (Framework arrangement) មានតម្លៃ ១៥០០លានដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២២-២០២៦ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាល នៃប្រទេសទាំងពីរ កាលពីឆ្នាំមុន ពេលនេះគឺជាឱកាសដ៏ល្អសម្រាប់ការពិភាក្សា និងកំណត់អាទិភាពនៃកិច្ចអន្តរាគមន៍របស់ EDCF ដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅប្រទេសកម្ពុជា។

«ហិរញ្ញប្បទាន ក្រោមមូលនិធិសហប្រតិបត្តិអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា EDCF នៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំងនាប៉ុន្មានឆ្នាំនេះ កើនរហូតដល់ ១៨០០លានដុល្លាអាមេរិក នៃកម្រិតនៃការផ្តល់កម្ចីប្រចាំឆ្នាំ២០២២។ គម្រោងថ្មីបំផុតនោះ គឺគម្រោងស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាកិច្ចព្រមព្រៀងកម្ចីហិរញ្ញប្បទាន គិតជាទឹកប្រាក់ចំនួន ២៤៦លានដុល្លាអាមេរិក ដើម្បីសាងសង់ស្ពានខ្សែកាបចំនួនពីរ តភ្ជាប់រាជធានីភ្នំពេញនិងខេត្តកណ្តាលដោយឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គ»។ នេះបើតាមលោកស្រី គីម ឃ្យុងហ៉ី។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសកូរ៉េ បានធ្វើការរួមគ្នាសម្រាប់សិក្ខាសាលាវាយតម្លៃ គម្រោងក្រោមមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច(EDCF) ប្រចាំប្រទេសលើកទី១ នៅឯ Hyatt Regency Phnom Penh ។ កិច្ចសន្ទនាកម្រិតគោលនយោបាយរវាងរដ្ឋាភិបាលកូរ៉េ និងរាជារដ្ឋាភិបាលកម្ពុជា ក៏បានធ្វើឡើងដើម្បីពិភាក្សាអំពីបេក្ខភាពគម្រោង នៅក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន (Framework arrangement) ២០២២-២០២៦ ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំ២០២២។

សិក្ខាសាលានេះមានគោលបំណងចែករំលែកលទ្ធផល នៃការវាយតម្លៃប្រចាំប្រទេស ស្តីអំពីការចួលរួមរបស់EDCF នៅប្រទេសកម្ពុជាអស់រយៈពេល២០ឆ្នាំ កន្លងមកនេះ។ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុប្រទេសកូរ៉េបានទទួលភារកិច្ចក្នុងការវាយតម្លៃអំពីការអនុវត្ត គម្រោងEDCFនៅប្រទេស កម្ពុជា ដើម្បីទទួលបាននូវមេរៀនជាបទពិសោធន៍ និងពង្រីកកិច្ចអន្តរាគន៍របស់EDCF នាពេលអនាគត នៅប្រទេសកម្ពុជា។

លោក ហែម វណ្ណឌី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានមានមតិស្វាគមន៍ និងលោក សាំង ដុកណា (Sang-deok Na) អគ្គទីប្រឹក្សាស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក៏បានមានមតិអបអរសាទរ នៅក្នុងពិធីសិក្ខាសាលា។ មន្ត្រីរាជការសំខាន់ៗពីរាជរដ្ឋាភិបាលកម្ពុជា ដៃគូរអភិវឌ្ឍន៍ដូចជាADB, JICA និងAFD រួមទាំង Consultants, Contractors ពីគម្រោងEDCFផ្សេងៗ ក៏នឹងចូលរួមផងដែរ។

នៅមុនសិក្ខាសាលានេះមួយថ្ងៃ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី គីម ឃ្យុងហ៉ី អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកូរ៉េ បានជួបនិងពិភាក្សាអំពីវិធីសាស្រ្ត ដើម្បីលើកកម្ពស់តួនាទីរបស់ EDCF ក្នុងរយៈពេលវែងក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ដោយផ្អែកតាមអាទិភាពយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលទាំងពីរ។

នៅក្នុងកិច្ចសន្ទនាគោលនយោបាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ តំណាងភាគីទាំងពីរ បានយល់ព្រមក្នុងការផ្តោតទៅលើវិស័យសំខាន់គឺ សុខាភិបាល ឌីជីថល និងការអភិវឌ្ឍន៍បៃតង ជាយុទ្ធសាស្រ្តប្រតិបត្តិការទាំង៣ នៃយុទ្ធសាស្រ្តរយៈពេលមធ្យម២០២៣-២០២៥របស់EDCF ជាមួយនឹងការនៅបន្តការគាំទ្រទៅលើវិស័យដឹកជញ្ជូន ធនធានទឹកនិងសុខាភិបាល ដែលមានទំហំទឹកប្រាក់ប្រមាណ៨១% នៃទំហំកម្ចីពីEDCF សរុបនៅកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវមោទនភាព ចំពោះប្រទេសកម្ពុជា ជាប្រទេសឈនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយ EDCF ហើយបើគិតចាប់ពីឆ្នាំ២០០១ មកដល់ដំណាច់ឆ្នាំ២០២២, ភាគីកូរ៉េបានសន្យាផ្តល់ ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០លានដុល្លារអាមេរិក។

ផ្តើមចេញពីការសន្យានេះ, កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន ៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១៦០០លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង ១ កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ផ្អែកតាមវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ, សុខាភិបាល, ថាមពល, ធារាសាស្រ្ត, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម។

គួរជម្រាបថា កិច្ចសន្ទនាគោលនយោបាយ និង សិក្ខាសាលានេះ បានបញ្ជាក់ឡើងវិញនូវកិច្ចសហប្រត្តិបត្តិការអភិវឌ្ឍទ្វេភាគីយ៉ាងរឹងមាំ រវាងប្រទេស និងតំណាងរដ្ឋាភិបាលទាំងពីរ បានឯកភាពបន្តការងារយ៉ាងជិតស្និទ្ធដើម្បីកំណត់ និងឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធិភាពទៅលើបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍នៅកម្ពុជា។

EDCF គឺជាជំនួយអភិវឌ្ឍន៍ផ្លូវការ ដែលបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលកូរ៉េ នៅឆ្នាំ១៩៨៧។ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសកូរ៉េ (Korea Eximbank) បានទទួលការទុកចិត្តពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើប្រតិបត្តិ និងគ្រប់គ្រងគម្រោង EDCF ។ EDCF កំពុងផ្តល់នូវហិរញ្ញប្បទានដ៏ច្រើន សម្រាប់គាំទ្រការអភិវឌ្ឍន៍ឧស្សាហកម្ម និងស្ថេរភាពសេដ្ឋកិច្ចនៅប្រទេសកំពុងអភិវឌ្ឍន៍ និងជំរុញការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចរវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសកូរ៉េ៕