(ភ្នំពេញ)៖ ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗ, លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចាត់ឲ្យលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌ ដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ សហការជាមួយរដ្ឋបាលសង្កាត់ក្បាលកោះ បញ្ជូនទឹកចែកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិធំព្រែកធំ ដែលខ្វះខាតទឹកប្រើប្រាស់។

លោកបន្តថា មូលហេតុដែលបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់នោះ គឺដោយសារតែអង្គភាពរដ្ឋករស្វយ័តកំពុងតបណ្តាញថ្មី សម្រាប់ចែកចាយជូនបងប្អូនពលរដ្ឋ ខណៈកំណើនប្រជាពលរដ្ឋ មករស់នៅច្រើន ហើយទីតាំងដែលកំពុងខ្វះខាតទឹកស្អាតប្រើប្រាស់ គឺមានចំនួន២ភូមិ គឺភូមិ (ភូមិធំ) និងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ក្នុងនោះ លោកអភិបាលខណ្ឌ បានណែនាំឲ្យមានការដឹកជញ្ជូនទឹកស្អាត ចែកជូនបងប្អូនប្រជាពលរដ្ឋ គឺធ្វើឡើងចាប់ពីព្រឹកព្រលឹម រហូតគ្រប់លំនៅឋានប្រជាពលរដ្ឋទាំង២ភូមិនោះ៕