(កំពង់ធំ)៖ ឆ្លៀតក្នុងឱកាសប្រជាពលរដ្ឋចូលរួមបុណ្យទន្លេយ៉ាងសប្បាយរីករាយ, អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី និងគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្តកំពង់ធំ បន្តរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនជាការពញ្ញាក់អារម្មណ៍ និងបន្តចូលរួមកាន់តែសកម្មលើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការតាំងពិព៌រណ៍ រូបភាពផលវិបាក នៃគ្រឿងញៀន ខិត្តប័ណ្ណផ្ទាំងរូបភាព សារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន៖ មួក ប្រតិទិន បន្តោងសោ ច្បាប់ កាបូបស្ពាយ ផ្លិត និងអាវយឺត សម្រាប់ចែកជូនយកទៅផ្សព្វផ្សាយបន្តដល់ក្រុម គ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
លោក ឡោ សុវិជ្ជា អគ្គនាយករងក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ តែងទទួលបានការគាំទ្រចូលរួមទស្សនាយ៉ាងច្រើនកុះករ ដែលជាឱកាសសម្រាប់ក្រុមការងារយើងឆ្លៀតផ្ញើសារផ្តល់ចំណេះដឹងដល់ពួកគាត់បង្កើនបានការយល់ដឹងកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។
ថ្លែងក្នុងនាមជាដៃគូ លោក ម៉ែន សារ៉ន នាយកសាខាមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ខេត្តកំពង់ធំ បានថ្លែងថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាគ្រឹះស្ថានហិរញ្ញវត្ថូឯកជន ហើយតែងតែចូលរួមក្នុងសកម្មភាពជួយសង្គម នានាមានជាអាទិ៍៖ ចូលរួមផ្សព្វផ្សាយអប់រំ បញ្ហាអនាម័យតាមសាលារៀន ការប្រលងចម្រៀងកុមារ និងការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនជាដើម ហើយកន្លងមកបានជួយឧបត្ថម្ភគាំទ្រជាមធ្យោបាយសម្ភារបម្រើដល់ការងារ សង្គមនានា។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា បុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នៅខេត្តកំពង់ធំ រយៈពេល៣ថ្ងៃ (ថ្ងៃ៨-១០ ខែមីនា ឆ្នាំ២០២៣) មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ មន្រ្តីរាជការ ប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រើនអធិកអធ័ម និងបានចូលទស្សនាសិក្សាស្វែងយល់ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់គ្រួសារ មិត្តភក្តិ សំដៅចូលរួមចំណែកកសាងបាននូវភូមិ ឃុំ មានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាសត្រូវរួមរបស់យើងគ្រប់រូប។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណក្រសួងទេសចរណ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ជាដៃគូយ៉ាងជិតស្និទ្ធ ក្នុងការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀនដែលជាការងារពហុវិស័យត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង៕