(សៀមរាប)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ប្រកាសស្តីពីនីតិវិធី និងវិធាននៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង» ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។

សិក្ខាសាលានេះបានរៀបចំឡើងក្រោមអធិបតីភាពលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អមដោយលោកស្រី តាន់ លីនណា អគ្គនាយករង លោកស្រីប្រធាននាយកដ្ឋានត្រួតពិនិត្យ និងមន្ត្រីជំនាញនិយ័តករធានារ៉ាប់រងកម្ពុជា ដោយមានការចូលរួមពីតំណាងសមាគមធានារ៉ាប់រងកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុនធានារ៉ាប់រងបន្ដ ដែលកំពុងមានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីបទប្បញ្ញត្តិប្រុងប្រយ័ត្ន ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត និងលើកកម្ពស់អនុលោមភាពតាមបទប្បញ្ញត្តិ ដែលមានជាធរមាន និងបញ្ជ្រាបការយល់ដឹងបន្ថែមជូនដល់ប្រតិបត្តិករធានារ៉ាប់រងពាក់ព័ន្ធនឹងការកំណត់នីតិវិធី និងវិធាននៃការគណនាប្រាក់បម្រុងបច្ចេកទេស ធានារ៉ាប់រង ដើម្បីធានានូវប្រសិទ្ធភាពនៃកាតព្វកិច្ចសំណងធានារ៉ាប់រង និងចំណាយដែលកើតឡើង ពីកិច្ចសន្យាធានារ៉ាប់រង និងដើម្បីអនុវត្តនីតិវិធីនិងវិធាន នៃការបង់ពន្ធលើប្រាក់ចំណូល សម្រាប់សហគ្រាសធានារ៉ាប់រងផងដែរ៕