(ស្ទឹងត្រែង)៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានប្រារព្ធពិធីទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១២ ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ អូត ស៊ីវត្ថា ស្នងការនគរបាលខេត្ត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍សុ្នងការ បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រកបដោយ ឆន្ទៈមនសិការ បន្តដិតជាប់ក្នុងស្មារតី នៃកងកម្លាំងនគរបាលនារីជារៀងរហូត។

ក្នុងនោះឱកាសនោះលោកស្នងការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារីខេត្តស្ទឹងត្រែង បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ។

លោកបន្តថា «ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរស និងស្រ្តីដដែល។ ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន»។

លោកឧត្តមសេនីយ៍ស្នងការ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន។ ជាមួយគ្នានោះ លោកស្ន​ងការក៏បានផ្តល់ ជូនបាច់ផ្កាជាអនុស្សាវរីយ៍ដល់កងកម្លាំង នគរបាលនារី និងថវិកាមួយចំនួនផងដែរ៕