(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី អមដំណើរដោយអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង ១,០០០ម៉ែត្រ ទទឹង១០ម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកតាវែង។

លោក សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានលើកឡើងថា ផ្លូវជាតិលេខ ៧៨-៥ ជាផ្លូវមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ដោយបានតភ្ជាប់ឆ្ពោះទៅបណ្ដាស្រុកអូរជុំ ស្រុកវើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។

ការជួសជុលផ្លូវនេះ ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែង ១,០០០ ម៉ែត្រ និងទទឹ១០ម៉ែត្រ ស្ថាបនាលូមូលសងខាងផ្លូវ ១១ម៉ែត្រ ចំនួន២កន្លែង លូមូលទោលបណ្តោយផ្លូវ១១ម៉ែត្រ ប្រវែង ២,០០០ ម៉ែត្រ អណ្ដូងលូចំនួន៨៧កន្លែង រៀបខឿនចិញ្ចើមផ្លូវប្រវែង១,០០០ម៉ែត្រ ព្រមទាំងគូសគំនូសចរាចរណ៍ទំហ៊ំ១០,៧៧២ម៉ែត្រការ៉េ។

លោកបន្តថា «ការជួសជុលកំណាត់ផ្លូវជាតិនេះ គឺប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច អនុវត្តន៍គម្រោងជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។

នាឱកាសនេះលោក ញ៉ែម សំអឿន បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូល ផលបានទៅកាន់ទីផ្សារក៏ដូចជាការងាយស្រួល ក្នុងការដឹកសម្ភារៈឧបភោគបរិភោគ និងសម្ភារៈសំណង់ ពីទីផ្សារដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ជាពិសេសអ្នកដែលរស់នៅសងខាងតាមបណ្តោផ្លូវជាតិ៧៨-៥ទាំងអស់ ចូលរួមបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីជំរុញឱ្យគម្រោងជួសជុលនេះ អាចដំណើរការ បានដោយរលូន និងសម្រេច ជោគជ័យតាមការគ្រោងទុក។ ទន្ទឹមនេះដែរ សូមប្រជាពលរដ្ឋមានការយោគយល់ អធ្យាស្រ័យខណៈពេលដែលក្រុមការងារដំណើរការសាងសង់អាចមានផលប៉ះពាល់ខ្លះៗ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេលោកអភិបាលខេត្ត និងលោកស្រី ព្រមទាំងអ្នកអមដំណើរ បានអញ្ជើញបំពាក់មួកសុវត្ថិភាពជូន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សចំនួន៦០មួក និងបានអញ្ជើញបញ្ជាគ្រឿងចក្រជានិមិត្តរូប នៃការបើកការដ្ឋានចាប់ពីពេលនេះតទៅ៕