(ព្រះសីហនុ)​៖​ ឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានបន្តនាំយកសត្វល្មិច មួយក្បាលទៀតទៅលែងចូលសមុទ្រធម្មជាតិវិញ ដែលជាការលែងលើកទី១៣៨ហើយ។

សូមបញ្ជាក់ថា គ្រប់ពេលដែលនាំយកសត្វក្រាស់ ឬសត្វល្មិចទៅលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វក្រាស់ ឬសត្វល្មិច ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹបលើសត្វល្មិចលើកនេះគឺ KH 0807។

ក្នុងពេលរៀបចំលែងសត្វក្រាស់ ឬសត្វល្មិច លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងថា ការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបាន សត្វក្រាស់ ឬសត្វល្មិច ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមប្រទេសនានា នឹងលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ។

នៅពេលអ្នកនេសាទភាគច្រើន នេសាទបានសត្វក្រាស់ ឬសត្វល្មិច តែងតែនាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល៕