(កំពង់ឆ្នាំង)៖ សម្ដេចព្រះសង្ឃរាជ ទេព វង្ស នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានយាងជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសព្រះរាជក្រឹត្យតែងតាំងប្រគេនព្រះគ្រូពោធិរតនញាណ ឆន ឆុង ជាព្រះវិមលញាណរាជាគណៈកិត្តិយស និ ងជាព្រះគ្រូចៅអធិការវត្តទេពធីតារាម ហៅវត្ត យាយទេព និងយាងស្រោចស្រពព្រះសុគន្ធារី និងសម្ពោធសមិទ្ធផលនានានៅក្នុងវត្ត ស្ថិតនៅក្នុងភូមិផ្សាឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
នៅក្នុងពិធីនេះសម្ដេចព្រះសង្ឃរាជ ទេព វង្ស បានមានព្រះបន្ទូលថា ព្រះភិក្ខុសង្ឃទាំងអស់ សូមកាន់ធម្មវិន័យជាព្រះសង្ឃឱ្យបានល្អ ដើម្បីពុទ្ធបរិស័ទមានជំនឿគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសា សនារបស់ជាតិបានគង់វង្សរប់ពាន់ព្រះវស្សា។
ជាមួយនេះ ព្រះគ្រូចៅអធិការគ្រប់វត្តសូមយកព្រះទ័យទុកដាក់កសាងសមិទ្ធផលនានា នៅក្នុងវត្តអារាមឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនថ្កុំ ថ្កើងរុងរឿង ជាពិសេសត្រូវចេះ សាមគ្គីគ្នាទើបប្រសើ និងមានការរីកចម្រើន បើបែកបាក់សាមគ្គីការគ្រប់គ្រងសាសនារបស់ជាតិពិត ជាមិនអាចធ្វើឲ្យរីកចម្រើនបានឡើយ។
នៅក្នុងឱកាសនោះ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឲ្យលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានខិតខំដឹកនាំប្រទេសកម្ពុជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រក្រោមម្លប់សុខសន្តិភាព ដែលអ្វីៗទាំងអស់កើតមានក្នុងពេលនេះ គឺដោយសារគុណបំណាចថ្ងៃ៧មករា។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរាស្ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងដើម្បីជ្រើសរើសថ្នាក់ដឹកនាំជាតិ ដែលមានសមត្ថភាពក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ក្រោមម្លប់សុខសន្តិភាពដូចសព្វ ថ្ងៃជាបន្តទៀត។
នៅក្នុងពិធីនេះដែរ សម្ដេចសង្ឃរាជ ទេព វង្ស ក៏បានបំពាក់មេដៃជូនដល់ឧបាសក ឧបាសិកា និងព្រះសង្ឃចំនួន៥អង្គនាក់ ដែលមានគុណបំណាច់ចូលបច្ច័យកសាងក្នុងព្រះពុទ្ធសាសនា។ ព្រះអង្គក៏បានយាងចែកអំណោយជូនតាជី យាយជី និងប្រជាពលរដ្ឋក្រីក្រចំនួន១០៨គ្រួសារ និងយាងស្រោចព្រះសុគន្ធារីប្រគេនដល់ព្រះគ្រូ ឆន ឆុង ព្រះចៅអធិការវត្ត យាយទេព ដើម្បីប្រគេនព្រះអង្គឲ្យមានព្រះជន្មាយឺនយូរមានសេចក្តីសុខគ្រប់ប្រការ ដើម្បីដឹកនាំព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន និងគង់វង្សបានយូរអង្វែង៕