(កំពង់ធំ)៖ ក្នុងពិធីបុណ្យទន្លេលើកទី៧ ក្នុងខេត្តកំពង់ធំ មានផលិតផលដែលផលិតដោយដៃកូនខ្មែរជាច្រើនត្រូវបានតាំងបង្ហាញ។ ផលិតផលដែលបានដាក់បង្ហាញនោះ មានរបស់របរប្រើប្រាស់ ស្លៀកពាក់ តាំងលំអរ គ្រឿងអលង្ការ ព្រមទាំងផលិតផលអាហារហូបចុកផងដែរ។
ផលិតផលទាំងនោះ ត្រូវបានសម្រិតសម្រាំងផលិតឡើងប្រកបដោយប្រណិតភាព និងគុណភាព។ តាមរយៈផលិតទាំងអស់នោះ បានបង្ហាញថា កូនខ្មែរបច្ចុប្បន្នពិតជាមានគំនិត បញ្ញាញាណ និងការច្នៃប្រឌិតមួយដ៏ល្អប្រសើរ។
តាមរយៈបទសម្ភាសន៍ជាមួយ Fresh News ម្ចាស់ផលិតផល បានគូសរំលេចថា ផលិតផលរបស់ខ្មែរនាពេលបច្ចុប្បន្នមានការគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ បន្ទាប់ពីមានចលនាបំផុសឱ្យមានការគាំទ្រនានា។
បើទោះបីជាយ៉ាងណា ក្រុមអ្នកផលិតទាំងនោះ បន្តទទូចអំពាវនាវឱ្យមានការគាំទ្រផលិតផលដែលផលិតដោយដៃកូនខ្មែរបន្ថែមពីទៀត សំណាក់អ្នកប្រើប្រាស់។ សម្រាប់ក្រុមអ្នកផលិត ការគាំទ្រផលិតផលរបស់ខ្មែរ នឹងធ្វើឱ្យការផលិតក្នុងស្រុកកាន់តែមានកំណើន កាត់តែមានគុណភាព បានផ្តល់ការងារដល់ពលរដ្ឋក្នុងស្រុកមិនចំណាកស្រុក និងបង្កើនចំណូលជាតិ។ អ្វីកាន់តែពិសេសនោះ ការគាំទ្រផលិតផលរបស់ខ្មែរ គឺបានរួមចំណែកជួយរក្សាមរតកស្នាដៃនានារបស់ខ្មែរផងដែរ។
សូមបញ្ជាក់ថា ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ មានការតាំងពិព័រណ៍សមិទ្ធផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។ ម្ចាស់ស្តង់នានា បានអះអាងថា ការតាំងលក់នោះមានការគាំទ្រ និងលក់ដាច់គួរឱ្យកត់សម្គាល់ផងដែរ៕