(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េ នាឱកាសដែល លោកជំទាវ បានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ ស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងពីរ។ ជំនួបនេះ ធ្វើឡើងនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី កម្ពុជា-កូរ៉េ និងអំពីកិច្ចពិគ្រោះយោបល់គោលនយោបាយស្តីពីផែនការផ្តល់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ពីសាធារណរដ្ឋកូរ៉េ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមាន លោកស្រី KIM Kyung Hee តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូដែលបាន អញ្ជើញមកបំពេញការងារនៅកម្ពុជា សារជាថ្មីម្តងទៀត ដើម្បីធ្វើជាសហប្រធានជាមួយលោក ហែម វណ្ណឌី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចពិគ្រោះយោបល់គោលនយោបាយ ដែលនឹងរៀបចំឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៣។

ភាគីទាំងពីរនឹងធ្វើការពិនិត្យ និងពិភាក្សារួមគ្នាលើគោលនយោបាយ, យុទ្ធសាស្ត្រភាពជាដៃគូ, និងបេក្ខភាពគម្រោងអភិវឌ្ឍន៍ជា អាទិភាព ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដោយធ្វើការផ្លាស់ប្តូរយោបល់, ទស្សនទាន, ចក្ខុវិស័យ និងគោលនយោបាយអាទិភាពនានា ក្នុងយន្តការភាពជាដៃគូលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance-ODA) របស់សាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌឥណទានសម្បទានរបស់មូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund - EDCF/ Korea Eximbank) ដើម្បីសម្រេចនូវការឯកភាពគ្នាជាគោលការណ៍ ដោយត្រូវចុះហត្ថលេខារួមគ្នាលើឯកសារកំណត់ហេតុ (Aide Memoire of 2023 EDCF Policy Dialogue) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានសម្រេចផ្តល់នូវការសន្យាស្តីពីការផ្តល់ឥណទានសម្បទាន តាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លាន ដុល្លារអាមេរិក ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់សម្តេចតេជោ នាយករដ្ឋ- មន្ត្រី នៅវិមានសន្តិភាព ជាមួយនឹងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-សាធារណរដ្ឋកូរ៉េ ក្នុងទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ លានដុល្លារអាមេរិក ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់ភាគីមិត្ត និងជាការរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីមិត្តផងដែរថា ផ្អែកតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រឲ្យមានការសិក្សា គម្រោងគមនាគមន៍នានា ដែលជាការតភ្ជាប់ជាមួយគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅប៉ែកខាងកើតរាជធានីភ្នំពេញផងដែរ។

ឆ្លៀតក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមសម្តែងនូវមោទនភាព ចំពោះ ប្រទេសកម្ពុជា ជាប្រទេសឈនៅលំដាប់ទី ២ ក្នុងចំណោមប្រទេសទាំង ១០ ដែលជាដៃគូកិច្ចសហ-ប្រតិបត្តិការជាមួយ EDCF ។ គិតចាប់ពីឆ្នាំ ២០០១ មកដល់ដំណាច់ឆ្នាំ ២០២២, ភាគីកូរ៉េបានសន្យាផ្តល់ ឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណជា ១ ៨០០ លាន ដុល្លារអាមេរិក។

ផ្តើមចេញពីការសន្យានេះ, កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន ៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់សរុបប្រមាណ ១ ៦០០ លាន ដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ចំនួន ២៨ និង ១ កម្មវិធី ទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ផ្អែកតាមវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យគមនាគមន៍ (ផ្លូវថ្នល់ និងស្ពាន), អប់រំ, សុខាភិបាល, ថាមពល, ធារាសាស្រ្ត, ទឹកស្អាត និងប្រព័ន្ធចម្រោះទឹកកខ្វក់ ជាដើម ។

ភាគីទាំងពីរក៏បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខ័ណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើកស្ទួយសកម្មភាព អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន និងអភិវឌ្ឍន៍បន្ថែមទៀត ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការសិក្សាទៅលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនានា (Large Scale Infratructure) សម្រាប់ទុកជាប្រវត្តិសាស្រ្ត (Landmark)នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ជូនពរឲ្យកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយ (EDCF Policy Dialogue) នារសៀលថ្ងៃដដែល រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងពីរ ទទួលបានផ្លែផ្កា និងសម្រេចបាននូវបញ្ជីបេក្ខភាពគម្រោងអភិវឌ្ឍន៍រួមគ្នាមួយ ដែលស្របនឹងទៅនឹងគោល-នយោបាយអភិវឌ្ឍន៍ជាតិ ក៏ដូចជាយុទ្ធសាស្រ្តអភិវឌ្ឍន៍នានារបស់កម្ពុជា ជាពិសេសភាពប្រទាក់ក្រឡា ទៅនឹងចក្ខុវិស័យនៃយុទ្ធសាស្រ្តបញ្ចកោណ សម្រាប់អាណត្តិថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងត្រៀមដាក់ចេញ ឆាប់ៗខាងមុខ ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី KIM Kyung Hee និងគណៈប្រតិភូ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា តំណាងឲ្យរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ៕