(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបិទបញ្ចប់ការអនុវត្ដកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងថ្ងៃទី១០ ខែមីនា ២០២៣ ដោយបានបើកផ្ដល់ដល់គ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ជូនប្រជាពលរដ្ឋចំនួន ៩៩ ១៦៩គ្រួសារ គិតជាទឹកប្រាក់ជាង ៤៦ពាន់លានរៀល។

ក្រសួងសង្គមកិច្ច សូមប្រកាសបិទបញ្ចប់ការអនុវត្តកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយទុករយៈពេល១សប្តាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ សម្រាប់ករណីមានបណ្ដឹងតវ៉ាណាមួយរបស់អ្នកទទួលផល។

ដោយឡែកសម្រាប់អ្នកទទួលផលទាំងអស់ពី កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីគ្រោះទឹកជំនន់ទាំងអស់ នឹងត្រូវបន្តទទួលផលបន្តពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាលើកទី២ តទៅ គឺនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយប្រើប្រាស់នូវលេខគណនីថ្មី ដែលជូនដំណឹងដោយមូលនិធិជាតិជំនួយសង្គម៕