(ពោធិ៍សាត់)៖ បុរសម្នាក់ត្រូវបានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈពេលកំពុងមើលទូរទស្សន៍ជាមួយប្រពន្ធ។
ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាគង់ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឈឹម យិន អាយុ៣៤ឆ្នាំ កំពុងតែអង្គុយមើលទូរទស្សន៍ ជាមួយប្រពន្ធឈ្មោះ ប៊ុត សារុន អាយុ៣៦ឆ្នាំ នៅក្នុងផ្ទះបាយ ស្រាប់តែមានជនសង្ស័យម្នាក់ បានចូលមកបាញ់ជនរងគ្រោះទាំងកម្រោល បណ្ដោយឱ្យត្រូវរបួសចំភ្លៅខាងស្ដាំងមួយគ្រាប់ ក្រោមដោះស្ដាំមួយគ្រាប់ លើដោះស្ដាំមួយគ្រាប់ ស្លាបក្រចៀវឆ្វេងមួយគ្រាប់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ មន្ដ្រីនគរបាលបានទៅដល់កន្លែងកើតហេតុភ្លាមៗ និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យ មកផ្ដន្ទាទោសតាមច្បាប់៕