(ស្វាយរៀង)៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៣ នេះបានរៀបចំដំណើរការកាត់បើកវិញ្ញាសារប្រឡង​ចូលរៀនពុទ្ធិកអនុវិទ្យាល័យ​ស្វាយរៀង ក្រោម​ព្រះអធិបតីភាពព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង។

ដំណើរការកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការចូលរួមពី ប្រតិភូក្រសួងធម្មការ និងសាសនា និងមានការនិមន្ត គ្រប់សមាសភាពនៃគណៈក​ម្មការ​ប្រឡងជាច្រើនអង្គ-នាក់ផងដែរ។

មានសង្ឃដីកា នាឪកាសនោះព្រះវិមិត្តសត្ថា ជុំ ចន្ថា បានមានថេរ:ដិការនឹងផ្តាំផ្ញើដល់សាមណៈសិស្សបេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែង​ឲ្យអស់ពីសមត្ថភាព​ដែលបានសិក្សា​រយៈពេលកន្លងមក ដើម្បីសរសេរចម្លើយលើវិញ្ញាសាឲ្យបានត្រឹមត្រូវសម្រាប់ទទួលបាននូវលទ្ធផលជោគជ័យដែលបានសិក្សារយៈពេលកន្លងមកនេះ។

បើតាមការបញ្ជាក់ពីលោកទីវ សុភា បានឱ្យដឹងថា ឆ្នាំនេះ មានបេក្ខសមណ: និងបេក្ខជនបានដាក់ពាក្យសុំសិទ្ធិប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង មានចំនួន១០៧អង្គ-នាក់ ស្មើនឹង៥បន្ទប់។

លោកបានបន្ថែមថា ចំណែកការប្រឡងពុទ្ធិកមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២៣នេះ គឺមានការយឺតយ៉ាវនិងលើកពេលប្រឡងមកដល់ថ្ងៃនេះ ដោយសារប្រទេសកម្ពុជាជួបវិបត្តិជាសកលនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩តែមួយរយៈចុងក្រោយនេះស្ថានភាពជំងឺកូវីដ-១៩បានថមថយខ្លះ ទើបមន្ទីរធម្មការ និងសាសនាខេត្ត បានរៀបចំការប្រឡងទៅតាមការណែនាំនិងជូនដំណឹងពីក្រសួងធម្មការ និងសាសនា ដើម្បីវាស់កម្រិតសមត្ថភាពដល់សមណៈសិស្សបេក្ខជន ក្នុងការពង្រឹងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឱ្យមានភាពរីកចម្រើននិងទទួលបានចំណេះដឹងដ៏ប្រសើរក្នុងការដឹកនាំ​វិស័យនេះឲ្យកាន់តែរីកចម្រើន​ជាបន្តបន្ទាប់ទៀត៕