(អឺរ៉ុប)៖ បើទោះបីហេតុផលសំខាន់ក្នុងយុទ្ធនាការជម្រុញឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ហៅកាត់ថា EU តែងផ្តោតទៅលើបញ្ហាជនអន្តោប្រវេសន៍ ប៉ុន្តែនៅមានហេតុផលសំខាន់ៗមួយចំនួនទៀតបានបង្ហាញថា អង់គ្លេសគួរតែចាកចេញ ដើម្បីទទួលបានផលប្រយោជន៍ច្រើនជាងមុន។ ខាងក្រោមនេះជាហេតុផលសំខាន់ៗសម្រាប់ការចាកចេញ៖
១៖ ច្បាប់ EU ជម្រុញឲ្យបញ្ហាជនអន្តោប្រវេសន៍កាន់តែធ្ងន់ធ្ងរ !
បញ្ហាមួយដែលជម្រុញអង់គ្លេស ចាកចេញពី EU គឺសេដ្ឋកិច្ច ប៉ុន្តែអ្វីដែលកាន់តែសំខាន់នោះគឺការបារម្ភពីឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដែលបណ្តាលមកពីបញ្ហា ជនអន្តោប្រវេសន៍។ ច្បាប់របស់ EU បានចែងថា ប្រជាពលរដ្ឋនៃបណ្តាប្រទេសជាសមាជិកទាំងអស់ អាចធ្វើដំណើរ ស្វែងរកការងារធ្វើ និងរស់នៅដោយសេរី ក្នុងប្រទេស EU ណាមួយក៏បាន។ ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេស បានជ្រាបកាន់តែច្បាស់ពីផលប៉ះពាល់នេះ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុ កាលពីឆ្នាំ២០០៨កន្លងទៅនេះ។ ក្នុងពេលនោះបណ្តាប្រទេសចាយប្រាក់អឺរ៉ូ ត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ជម្រុញឲ្យប្រជាពលរដ្ឋ នៃបណ្តាប្រទេសទាំងនោះ ព្យាយាមសម្រុកចូលទៅកាន់ចក្រភពអង់គ្លេស ដែលជាប្រទេសមិនចាយប្រាក់អឺរ៉ូ ដើម្បីស្វែងរកការងារធ្វើ និងដើម្បីបញ្ចៀសឥទ្ធិពលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋដែលមានប្រភពមកពីអឺរ៉ុបខាងកើតរាប់រយពាន់នាក់ បានធ្វើដំណើរមកកាន់ចក្រភពអង់គ្លេស ដើម្បីស្វែងរកការងារធ្វើ ដែលបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះជួបវិបត្តិឥតការងារធ្វើយ៉ាងធ្ងន់ធ្ងរ។
បញ្ហាជនអន្តោប្រវេសន៍បានក្លាយជាវិបត្តិដ៏សំខាន់មួយ សម្រាប់ចក្រភពអង់គ្លេស ដែលវិបត្តិនេះធ្លាប់បានកើតឡើងរួចមកហើយនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហេតុនេះហើយបានជាអ្នកធ្វើយុទ្ធនាការប្រឆាំងជនអន្តោប្រវេសន៍ និងបុគ្គលសំខាន់ៗ ជាច្រើនទៀត បានលើកឡើងថា ការហូរចូលនៃជនអន្តោប្រវេសន៍ពីតំបន់ភាគខាងកើត និងខាងត្បូងនៃទ្វីបអឺរ៉ុប បានបង្កើនសំពាធក្នុងទីផ្សារការងារ ដល់ប្រជាពលរដ្ឋអង់គ្លេស ខណៈដែលមនុស្សមួយចំនួនទៀត ព្រួយបារម្ភពីការដណ្តើមការប្រើប្រាស់សេវាកម្មសាធារណៈពីសំណាក់ជនអន្តោប្រវេសន៍ទាំងនោះ។
២៖ អង់គ្លេសអាចបង្កើតប្រព័ន្ធទប់ស្កាត់ជនអន្តោប្រវេសន៍បានកាន់តែងាយស្រួលជាងមុន !
ខណៈដែលអ្នកគាំទ្រដល់ Brexit (ការចាកចេញរបស់អង់គ្លេសចេញពី EU) គ្រាន់តែចង់កាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនទៀត យល់ឃើញថា អង់គ្លេសនឹងកាន់តែមានភាពងាយស្រួលក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងជនអន្តោប្រវេសន៍ ប្រសិនបើប្រទេសនេះ មិនស្ថិតនៅក្នុងក្រោមការអំណាចរបស់ EU ។ ជាក់ស្តែង EU បានទាមទារឲ្យអង់គ្លេស អនុញ្ញាតឲ្យប្រជាពលរដ្ឋនៃបណ្តាប្រទេសសមាជិកគ្រប់រូប អាចផ្លាស់ទីមករស់នៅក្នុងចក្រភព អង់គ្លេស ដោយសេរី បើទោះបីជាក្នុងករណីបែបណាក៏ដោយ។
បណ្តាអ្នកគាំទ្រការចាកចេញ បានលើកឡើងថា ចក្រភពអង់គ្លេស គួរតែបង្កើតប្រព័ន្ធច្បាប់ អនុញ្ញាតឲ្យតែជនអន្តប្រវេសន៍ណា ដែលមានជំនាញល្អច្បាស់លាស់ ឬអាចសម្របខ្លួនតាមវប្បធម៌របស់អង់គ្លេសប៉ុណ្ណោះ ដែលអាចមករស់នៅ ឬស្វែងរកការងារនៅទីនោះបាន។
ពួកគេបានលើកឡើងពីមូលដ្ឋានច្បាប់ជនអន្តោប្រវេសន៍របស់ប្រទេស កាណាដា និងអូស្ត្រាលី ដែលផ្តល់អទិភាពដល់ជនអន្តោប្រវេសន៍ ដោយផ្អែកលើកត្តា មួយចំនួនដូចជាភាសា ជំនាញការងារ ការអប់រំ និងអាយុ។ ពួកគេមានបំណងចង់ឲ្យរដ្ឋាភិបាលអង់គ្លេសអនុញ្ញាតឲ្យបណ្តាវេជ្ជបណ្ឌិត និងវិស្វករដែលនិយាយ ភាសាអង់គ្លេសស្ទាត់ជំនាញមករស់នៅ ឬស្វែងរកការងារធ្វើ ផ្ទុយទៅវិញរដ្ឋាភិបាលត្រូវកាត់បន្ថយកម្មករដែលមិនមានជំនាញច្បាស់លាស់ និងការប្រើប្រាស់ ភាសានៅមានកម្រិត។
៣៖ ចក្រភពអង់គ្លេសអាចចំណេញប្រាក់បានមួយចំនួនធំ !
កន្លងមក EU មិនមានសិទ្ធអំណាចក្នុងការប្រមូលពន្ធដាដោយផ្ទាល់ពីប្រជាពលរដ្ឋឡើយ ប៉ុន្តែ EU បានទាមទារឲ្យបណ្តារដ្ឋជាសមាជិក ចូលរួមចំណែកក្នុងការផ្តល់វិភាគទានប្រចាំឆ្នាំ ដល់កញ្ចប់ថវិការរបស់ខ្លួន។ ជាក់ស្តែងជារៀងរាល់ឆ្នាំ អង់គ្លេសត្រូវបង់វិភាគទានចំនួន១៩ពាន់លានដុល្លាអាមេរិក ដែលមានន័យថា ប្រជាពលរដ្ឋអង់គ្លេសម្នាក់ៗត្រូវបង់ប្រាក់៣០០ដុល្លារដល់ EU ។
៤៖ លុយ Euro បង្កគ្រោះមហន្តរាយ !
កន្លងមកចក្រភពអង់គ្លេស គឺជាតួអង្គសំខាន់ក្នុងការប្រឆាំងចំពោះសហភាពអឺរ៉ុប (Euroskeptics) បើទោះបីជាប្រទេសនេះ ចូលជាសមាជិកតាំងពី ឆ្នាំ១៩៧៣មកក្តី។ វិស័យហិរញ្ញវត្ថុទូទាំងពិភពលោក បានចាប់ផ្តើមធ្លាក់ចុះកាលពីឆ្នាំ២០០៨កន្លងទៅនេះ ប៉ុន្តែវាកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសដែលជ្រើសរើស ទទួលយកគោលការណ៍ចាយប្រាក់រួម គឺលុយអឺរ៉ូ។ អត្រាឥតការងារធ្វើបានកើនឡើងរហូតដល់ជាង២០ភាគរយ នៅក្នុងប្រទេស ក្រិច និងអេស្ប៉ាញ ដែលបង្កឲ្យវិបត្តិប្រាក់បំណុលកាន់តែធ្ងន់ធ្ងរ។ អ្នកសេដ្ឋកិច្ចវិទូជឿជាក់ថា លុយអឺរ៉ូ គឺជាកត្តាចម្បងដែលបង្កបញ្ហាវិបត្តិនេះឡើង។
សំណាងល្អសម្រាប់ចក្រភពអង់គ្លេស ដែលមិនជ្រើសរើសចាយលុយរួម ហេតុនេះគ្រោះថ្នាក់ដែលបណ្តាលមកពីបញ្ហានេះ បង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ ដល់សេដ្ឋកិច្ចអង់គ្លេស។ យ៉ាងនេះក្តី អ្នកគាំទ្រការចាកចេញរបស់អង់គ្លេសពី EU នៅតែអាចប្រើប្រាស់វិបត្តិលុយអឺរ៉ូ ជាឧបករណ៍ឃោសនារបស់ខ្លួន។
សេដ្ឋកិច្ចវិទូជឿជាក់ថា ការធ្វើសមាហរណកម្មលើវិស័យហិរញ្ញវត្ថុ និងនយោបាយកាន់តែស៊ីជម្រៅ លុះត្រាតែមានការរៀបចំឲ្យបានសមរម្យ។ តំបន់ចាយប្រាក់អឺរ៉ូ ត្រូវការចាំបាច់នូវប្រព័ន្ធសុខមាលភាព និងពន្ធដាឲ្យបានច្បាស់លាស់ ដើម្បីឲ្យប្រទេសដែលប្រឈមមុខនឹងវិបតិ្តដែលមានដូចជាប្រទេស ក្រិច និងអេស្ប៉ាញ អាចទទួលបានការជួយឧបត្ថម្ភពីសំណាក់ប្រទេសជាសមាជិក។
បញ្ហានេះហើយ ដែលធ្វើឲ្យមានការយល់ឃើញថា ការបន្តជាសមាជិកភាពរបស់ EU គឺជារឿងខុសឆ្គងមួយ។ វាក៏ទំនងជាកត្តាមួយជម្រុញឲ្យអង់គ្លេស មិនធ្វើសមាហរណកម្មស៊ីជម្រៅលើវិស័យហិរញ្ញវត្ថុ។ ហើយវាកាន់តែប្រសើរ ប្រសិនបើអង់គ្លេសចាកចេញ ព្រោះវាជាការជួយត្រួសត្រាយផ្លូវសម្រាប់ បណ្តាប្រទេសជាសមាជិកដទៃទៀត ងាយស្រួលក្នុងការបង្រួបបង្រួមបានកាន់តែប្រសើរ ឈានទៅដល់ការបង្កើតអឺរ៉ុបតែមួយ។
៥៖ EU រារាំងដល់តួនាទីរបស់ចក្រភពអង់គ្លេស !
លោក Johnson ដែលបុគ្គលសំខាន់ក្នុងយុទ្ធនាការគាំទ្រការចាកចេញរបស់អង់គ្លេស បានលើកឡើងថា កន្លងមកតួនាទីរបស់ EU ឈានទៅរកការគាប់សង្កត់ កាន់តែខ្លាំងជាលំដាប់ទៅលើប្រទេសជាសមាជិក។ ពេលខ្លះបើពិនិត្យមើលទៅលើច្បាប់មួយចំនួនរបស់ EU ហាក់គួរឲ្យអស់សំណើចជាខ្លាំង ជាក់ស្តែងដូចជា ច្បាប់មិនអនុញ្ញាតឲ្យប្រើប្រាស់សារថ្មី នូវកញ្ចប់តែដែលប្រើរួចបានឡើយ។ ច្បាប់មួយចំនួនទៀតមានដូចជា កុមារវ័យក្រោម៨ឆ្នាំ មិនអនុញ្ញាតឲ្យផ្លុំប៉េងប៉ោង ឬការកម្រិតថាមពលអគ្គីសនីសម្រាប់ម៉ាស៊ីនបូមធូលីដើម្បីបញ្ចៀសគ្រោះថ្នាក់ជាដើម។ ពេលខ្លះច្បាប់ទាំងនេះ បានបង្កឲ្យមនុស្សមានការខឹងសម្បាជាខ្លាំង។ ទាក់ទិននឹងបញ្ហានេះដែរ រដ្ឋាភិបាលអង់គ្លេស បានលើកឡើងថា ច្បាប់ EU បានធ្វើឲ្យសេដ្ឋកិច្ចអង់គ្លេស ខាតបង់ទឹកប្រាក់ប្រមាណ៦០០លានអឺរ៉ូ ដែលស្មើនឹង៨៨០លានដុល្លារក្នុងមួយសប្តាហ៍។
៦. EU បំពានអធិបតេយ្យភាពចក្រភពអង់គ្លេស !
នេះជាបញ្ហាដ៏សំខាន់បំផុតដែលទាក់ទាញការចាប់អារម្មណ៍ពីសំណាក់បញ្ញវ័ន្ត ឬអ្នកមានចំណេះដឹងនៅចក្រភពអង់គ្លេស ហើយត្រូវបានលើកឡើង មកបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀតដោយអ្នកនយោបាយបក្សអភិរក្សនិយម ក្នុងនោះមានដូចជា ចៅហ្វាយទីក្រុង ឡុងដ៍លោក Boris Johnson និងរដ្ឋមន្ត្រីយុត្តិធម៌លោក Michael Gove ជាដើម។ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ អនុសញ្ញាមួយចំនួនរបស់ EU បានកាត់បន្ថយ អំណាចខ្លះៗពីប្រទេសជាសមាជិក។ ជាក់ស្តែង EU បានបង្កើនអំណាចផ្ទាល់ខ្លួនលើវិស័យមួយចំនួនដូចជា កសិកម្ម កម្មសិទ្ធបញ្ញា គោលនយោបាយប្រកួតប្រជែង និងច្បាប់ក្នុងការលក់ដូរទំនិញជាដើម ដែលអំណាចរបស់EU បានលុបលើច្បាប់ប្រទេសជាសមាជិក។
សូមជម្រាបថា ចក្រភពអង់គ្លេស បានធ្វើប្រជាមតិចាកចេញពីសហភាពអឺរ៉ុប កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ ដោយទទួលបានសម្លេងគាំទ្រ សម្រាប់ការចាកចេញចំនួន៥១.៩ភាគរយ ទល់នឹង៤៩.១ភាគរយ។ បន្ទាប់ពីលទ្ធផលនៃការធ្វើប្រជាមតិនេះ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ក៏ប្រកាសពីការលាលែងពីដំណែងភ្លាមៗផងដែរ ដែលត្រៀមនឹងចុះចេញនៅក្នុងខែតុលាខាងមុខ ខណៈដែលពេលនេះដំណើរការនៃការជ្រើសរើសមេដឹកនាំថ្មី ក៏កំពុងតែចាប់ផ្តើមផងដែរ៕