(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះថា ស្ថានភាពរបស់អ្នកជំងឺ (ស្ត្រីដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន) កំពុងតែវិវឌ្ឍន៍ទៅកាន់តែធ្ងន់ធ្ងរ បច្ចុប្បន្ននេះកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយទទួលបានការព្យាបាលយ៉ាងយកចិត្ដទុកដាក់ ពីក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកសាស្ត្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា «អ្នកជំងឺមានការវិវឌ្ឍន៍ធ្លាក់ចុះ យើងខំប្រឹងដើម្បីទប់ទល់ហើយ តែគាត់មានកត្ដាប្រឈមជាប់នឹងខ្លួនស្រាប់ ឥលូវកត្ដាប្រឈមទាំងនោះបង្កើតជាផលវិបាកធ្ងន់ធ្ងរ និងបានបានធ្វើឱ្យស្ថានភាពសុខភាពទូទៅមានការស្រុតចុះ ដែលធ្វើឱ្យអ្នកជំងឺត្រូវបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ជាលើកទីបី» ។

ទោះសា្ថនភាពអ្នកជំងឺមិនសូវល្អ តែគ្រូពេទ្យនៅតែបន្ដខិតខំឱ្យអស់ពីលទ្ធភាព ដើម្បីជួយសង្គ្រោះអ្នកជំងឺឱ្យមានស្ថានភាពនឹងនរ តែលទ្ធផលយ៉ាងណា រង់ចាំតាមដានបន្ថែមទៀត ខណៈដែលសរីរាង្គទាំងអស់របស់អ្នកជំងឺ មានស្ថានភាពចុះខ្សោយខ្លាំង។

លោកសាស្ដ្រាចារ្យបានឱ្យដឹងទៀតថា «តាំងពីអ្នកជំងឺត្រលប់មកពីថៃ បន្ដមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានបញ្ជូលឈាម៥ដងហើយជូនដល់គាត់ ដោយសារតែការផលិតគ្រាប់ឈាមរបស់អ្នកជំងឺមិនបានគ្រប់គ្រាន់ ។នេះជាផលលំបាក ដោយសារតែអស់ពោះវៀន ថ្លើមខ្សោយ ការរលាកជាប្រចាំ ចឹងការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹងខ្នងក៏មិនបានគ្រប់គ្រាន់ ដែលបណ្ដាលឱ្យស្ថានភាពទូទៅរបស់អ្នកជំងឺខ្សោយចុះជាលំដាប់» ។

អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែតរូបនេះ បានគូសរម្លឹកថា កត្ដាប្រឈមដែលកើតមានកន្លងមកគឺ៖
* ការលេចធ្លាយទឹកប្រម៉ាត់ ទឹកលំពែង ហូរចូលទៅក្នុងពោះ និងហូរចេញក្រៅវិញតាមទុយោបង្ហូរ
* ដុំឈាមកកក្នុងសសៃឈាម
* មិនអាចហូបអាហារតាមមាត់បានទេ គឺត្រូវឱ្យអាហារ(វេជ្ជសាស្ដ្រ)តាមសសៃឈាមទាំងស្រុង

អាចប្រឈមចំពោះមុខគឺ៖
* ការក្លាយរោគធ្ងន់ធ្ងរ និង សម្ពាធឈាមស្រុតចុះខ្លាំងអាចអោយគ្រោះថ្នាក់ឆាប់ៗ។
* ការរលាកស្រោមពោះខាងក្នុងដោយទឹកប្រម៉ាត់និងទឹកលំពែងដែលអាចអោយមានការហូរឈាម។ ល។

សម្គាល់៖
* អ្នកជំងឺត្រូវតែស្ថិតក្រោមការតាមដានថែទាំវេជ្ជសាស្ដ្រជាប្រចាំ និងរហូត។
* ករណីអវិជ្ជមាន អាចកើតមានលើអ្នកជំងឺគ្រប់ពេល។

លោកសាស្ត្រាចារ្យ ឡឹម តារា បានសង្គត់ធ្ងន់ថា ទោះបីជាមានបញ្ហាប្រឈមដ៏លំបាកយ៉ាងណាក្តី ក៏ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត នៅតែខិតខំឲ្យអស់ពីលទ្ធភាពក្នុងការជួយព្យាបាលថែទាំអ្នកជំងឺជាប់ជាប្រចាំ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ស្ដ្រីម្នាក់ដែលរំលូតគភ៌ស្លាប់ក្នុងផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ មានអាសយដ្ឋានភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានចូលមកសម្រាកនៅគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យមានកូនស្លាប់ក្នុងស្បូនអាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយ រំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ ហើយបានចេញពីគ្លីនិកដើមអង្គ្រងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ លុះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺបានមកគ្លីនិកដដែលម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម បន្ទាប់មកគ្រូពេទ្យក៏បានធ្វើការសម្អាតស្បូនឡើងវិញ តែដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅរាជធានីភ្នំពេញ៕