(កំពង់ធំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះ-ខេត្តកំពង់ធំ និងខេត្តកំពង់ធំ-ខេត្តកំពង់ឆ្នាំង។

ការថ្លែងនេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣នេះ ពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ។

សម្តេចតេជោ បន្តថា ការដ្ឋានសាងសង់ពីខេត្តក្រចេះ មកកំពង់ធំ បានចាប់ផ្តើមហើយដើមឆ្នាំ២០២៣នេះ ខណៈផ្លូវ និងស្ពានតភ្ជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ធំ នឹងចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ២០២៤។

«ទន្លេសាប និងទន្លេមេគង្គ ដែលពីមុននេះ នៅឆ្ងាយពីគ្នា វាបានបង្ខិតមកជិតគ្នា តាមរយៈការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកដឹកជញ្ជូន»។ នេះជាការបញ្ជាក់ របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣។

សូមជម្រាបថា ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១,៧៦១ម៉ែត្របានចាប់ផ្តើមបើកការដ្ឋាន នៅដើមឆ្នាំ២០២៣នេះ។ ស្ពាននេះមានទីតាំងត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ឯផ្លូវ៥០សេ (50C) ប្រវែង ៥៨គីឡូម៉ែត្រ ដែលមានទាំងផ្លូវ និងស្ពានឆ្លងទន្លេ ដោយតភ្ជាប់ពីខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំនោះ ផ្លូវមួយនេះនឹងត្រូវចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៤។ គម្រោងផ្លូវ ៥០សេនេះ គ្រោងស្នើសុំថវិកាពីរដ្ឋាភិបាលចិន។

ផ្លូវ ៥០សេនេះ មានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពាន ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា។ ទឹកប្រាក់ទាំងអស់ តាមតម្លៃប៉ាន់ស្មានក្នុងការកសាងគឺ ២៥០លានដុល្លារអាមេរិក ដោយបែងចែកទៅផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិ៕