(កំពង់ធំ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារស្ទឹងសែន ក្នុងខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីការជក់ចិត្ដ ចំពោះផលិតផល ដែលផលិតដោយស្នាដៃខ្មែរ នៅតាមស្ដង់នានា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ផលិតកម្ម ដែលយើងមើលឃើញ នៅតាមស្ដង់នានា តាមបណ្ដាខេត្ត និងសហគមន៍ បានតាំងល្ងាចនេះ ខ្ញុំពិតជាមានការជក់ចិត្ដ ហើយក៏នឹងឃើញរឿង អតីតកាល ប្រៀបធៀបជាមួយនឹកបច្ចុប្បន្នកាល ដែលនៅតាមស្ដង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ»

ទន្ទឹមគ្នានេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចកំពុងតែស្រមើស្រមៃថា ប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេស ដែលផលិតនូវស្វាយចន្ទីច្រើនបំផុត នៅលើពិភពលោក។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ស្វាយចន្ទីរបស់ប្រទេសកម្ពុជា បានហួសប្រទេសកូឌីវ័រ ដែលមានត្រឹម១.១តោន (១លាន១សែនតោន) ប៉ុន្ដែកម្ពុជា មានស្វាយចន្ទីចំនួន១.១៨ លានតោន (១លាន១សែន៨ម៉ឺនតោន) រួចស្រេចទៅហើយ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា កម្ពុជានាពេលអនាគត បន្ទាប់ពីមានសន្ដិភាព បូកជាមួយនឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមួយផ្នែកទាក់ទាញទេសចរណ៍ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺផលិតកម្ម ដែលបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក៏ដូចជាផ្គត់ផ្គង់ទេសចរណ៍។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពិសេសជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យបានម៉ត់ចត់ និងជាប់ជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងចំនួន៦លើក រួចមកហើយ គឺលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។

ពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំនេះ មានការតាំងពិព័រណ៍សមិទ្ធផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូច និងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។

ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយ ក្នុងការប្រើប្រាស់ឲ្យអស់លទ្ធភាព នៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត តាមរយៈទីផ្សារទេសចរណ៍៕