(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសមិនខ្លាចញញើតក្នុងការប្រើប្រាស់មធ្យោបាយ និងវិធានការចំពោះអ្នកដែលមានបំណង ឬធ្វើសកម្មភាពបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជានោះឡើយ។

សម្តេចបានចាត់ទុកថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ហើយបើគ្មានសន្តិភាពទេនោះ សូមកុំនិយាយដល់បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គឺនិយាយត្រឹមតែសិទ្ធិរស់រានមានជីវិតប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតិភាព ក្នុងពិធីបើកបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។ សម្តេចនៅតែបន្តផ្តល់អាទិភាពទៅលើកិច្ចខិតខំប្រឹងប្រែង រក្សាសន្តិភាព នៅក្នុងប្រទេសរបស់កម្ពុជា។

«នរណាក៏ដោយ​ដែលមានបំណង ឬធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិភាព នៅក្នុងប្រទេសរបស់យើង យើងមិនញញើតជាមួយនឹងការប្រើគ្រប់មធ្យោបាយ និងវិធានការ ទោះដោយតម្លៃណាក៏ដោយ​ ដើម្បីរក្សានូវសន្តិភាព ធានាដល់ការអភិវឌ្ឍប្រទេសរបស់យើង»។ នេះបើតាមការបញ្ជាក់របស់ សម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សន្តិភាព ត្រូវដើរមុនអ្វីៗទាំងអស់ ហើយបើមិនមានសន្តិភាពនោះទេ​កុំនិយាយដល់ប្រជាធិ​បតេយ្យ និងសិទ្ធិមនុស្ស ដែលត្រូវគិតសិទ្ធិរស់រានមានជីវិតជាមុន។ សម្តេចរំពឹងថាប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត ច្បាស់ជាយល់អំពីអ្វីដែលរាជរដ្ឋាភិបាល ចាត់វិធានការដើម្បីសន្តិភាព។​

សម្តេចតេជោ ហ៊ុន សែន រំលឹកអំពីស្ថានភាពកម្ពុជា នៅក្នុងសម័យសង្គ្រាម ដែលសូម្បីតែជួបជុំគ្នាក៏មិនបានផង។ សម្តេចបន្ថែមថា «ទោះតម្លៃណាក៏ដោយ យើងមិនញញើតនឹងធ្វើសកម្មភាព ដើម្បីបំផ្លាញចោលនូវកម្លាំងដែលមានបំណងប្រាថ្នាបំផ្លាញនូវសន្តិភាព សម្រា​ប់ប្រទេសរបស់យើង»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវប្រជាពលរដ្ឋនៅទូទាំងប្រទេសរួបរួមគ្នា ដើម្បីរក្សាការពារនូវសន្តិភាពដែលរកបានទាំងលំបាក និងមិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុង ប្រទេសនេះទេ៕