(ភ្នំពេញ)៖ លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិ-ខេត្ត ចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រព្រឹត្តទៅនៅខេត្តកំពត នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។
តាមរបាយការណ៍ ក្នុងឆមាសទី១ ក្រុមការងារចុះមូលដ្ឋានខេត្ត និងក្រុង/ស្រុក (ខេត្តកំពត) បានចុះធ្វើវេទិកាសាធារណៈនៅតាមបណ្តាក្រុង ស្រុក សរុបបានចំនួន ៤៤លើក មានការចូលរួមពីប្រជាពលរដ្ឋចំនួន ៥,០៨៤ នាក់ ដោយប្រមូលបានបញ្ហា និងសំណូមពរចំនួន ២១១ ករណី ក្នុងនោះដោះស្រាយបានចំនួន ១១៣ ករណី កំពុងដោះស្រាយចំនួន ៥៣ករណី និងមិនទាន់បានដោះស្រាយ ៤៥ករណី។
គួររំលឹកផងដែរថា លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ តែងតែក្រើនរំលឹកជានិច្ចចំពោះមន្រ្តីរាជការ ទាំងនៅក្នុងក្របខណ្ឌក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងនៅក្នុងក្រុមការងារថ្នាក់ជាតិ-ខេត្ត ចុះមូលដ្ឋានខេត្តកំពត ធ្វើយ៉ាងចុះជាប់ជាប្រចាំ អោយដល់មូលដ្ឋាន ដើម្បីស្វែងយល់ពីបញ្ហា និងទុក្ខលំបាក ដែលប្រជាជនកំពុងជួបប្រទះ ហើយរកវិធីដោះស្រាយ ឲ្យបានទាន់ពេលទៅតាមគ្រប់លទ្ធភាព និងមធ្យោបាយដែលអាចធ្វើទៅបាន ស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានមានប្រសាសន៍ថា មន្រ្តីគឺជាអ្នកបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរាស្រ្តទេ។ ជាក់ស្តែងក្នុងពេលដែលតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា បានរងគ្រោះដោយកង្វះទឹកប្រើប្រាស់នាពេលកន្លងមក ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងគ្រប់មន្ទីរឧស្សាហកម្ម រាជធានី-ខេត្ត បានចុះជួយជីកអណ្តូង ស្តារស្រះ និងចែកទឹកស្អាតប្រើប្រាស់ និងទឹកស្អាតបរិភោគ ជូនប្រជាពលរដ្ឋ រហូតជួយសម្រាលទុក្ខលំបាករបស់ប្រជាជន បានមួយកម្រិតធំ៕