(ភ្នំពេញ)៖ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ ព្រះអគ្គាធិការរង ជាព្រះរាជតំណាង សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ និង សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះអគ្គាធិការរងទទួលបន្ទុក នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រួមជាមួយ សម្តេចព្រះសាក្យមុនី កិត្តិបណ្ឌិតទស្សនវិជ្ជា រ័ត្ន សារឿន ព្រះអគ្គាធិការរង សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះអគ្គាធិការរង ព្រះសង្ឃាលង្ការមុនី បណ្ឌិត យ៉ន កុសល្យ ព្រះប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា និងលោក សេង សុមុនី តំណាងលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា និងគណៈកម្មការប្រឡងជាច្រើនអង្គរូប បានយាង និងអញ្ជើញជាអធិបតី ក្នុងការកាត់វិញ្ញាសាប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ នៅមណ្ឌលរាជធានីភ្នំពេញក្នុងបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
លោកស្រី សយ សំអុល ប្រធានការិយាល័យពុទ្ធិកមធ្យមសិក្សាបឋមភូមិ បានឲ្យដឹងថា ការប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ សម័យប្រលង ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ មានចំនួន ១៣មណ្ឌល និងមានសមណសិស្ស ២៨៤៤អង្គ ចែកជា ១២១បន្ទប់។
ក្នុងមណ្ឌលទាំង ១៣ រួមមាន៖
១៖ ពុទ្ធិកអនុវិទ្យាល័យ ព្រះសុរាម្រឹត រាជធានីភ្នំពេញ មានសមណសិស្ស ៤៦៩អង្គ ចែកជា ២០បន្ទប់
២៖ ពុទ្ធិកអនុវិទ្យាល័យ ជម្ពូវ័ន សែនជ័យ រាជធានីភ្នំពេញ មានសមណសិស្ស ១៥១អង្គ ចែកជា ៦បន្ទប់
៣៖ ពុទ្ធិកអនុវិទ្យាល័យ អ៉ឹង ធួង ខេត្តបាត់ដំបង មានសមណសិស្ស ២៥៥អង្គ ចែកជា ១១បន្ទប់
៤៖ ពុទ្ធិកអនុវិទ្យាល័យ សម្តេច ជួន ណាត ខេត្តកំពង់ចាម មានសមណសិស្ស ១៥៩អង្គ ចែកជា ៧បន្ទប់
៥៖ ពុទ្ធិកអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វិហារទន្ទឹម មានសមណសិស្ស ២០៨អង្គ ចែកជា ៩បន្ទប់
៦៖ ពុទ្ធិកអនុវិទ្យាល័យ ខេត្តកំពង់ធំ មានសមណសិស្ស ១៩២អង្គ ចែកជា ៨បន្ទប់
៧៖ ពុទ្ធិកអនុវិទ្យាល័យ ជម្ពូព្រឹក្សា ខេត្តស្វាយរៀង មានសមណសិស្ស ១០៧អង្គ ចែកជា ៥បន្ទប់
៨៖ ពុទ្ធិកអនុវិទ្យាល័យ វត្តរាជបូណ៌ ខេត្តសៀមរាប មានសមណសិស្ស ២៥០អង្គ ចែកជា ១០បន្ទប់
៩៖ ពុទ្ធិកអនុវិទ្យាល័យ ព្រៃវែង ខេត្តព្រៃវែង មានសមណសិស្ស ១៨២អង្គ ចែកជា ៨បន្ទប់
១០៖ ពុទ្ធិកអនុវិទ្យាល័យ ជាស៉ីម បន្ទាយមានជ័យ មានសមណសិស្ស ១៣១អង្គ ចែកជា ៦បន្ទប់
១១៖ ពុទ្ធិកអនុវិទ្យាល័យ ព្រះសុវណ្ណត្ថេរ អ៊ុម អៀម មានសមណសិស្ស ២០៣ ចែកជា ៩បន្ទប់
១២៖ ពុទ្ធិកអនុវិទ្យាល័យ ជុំគ្រៀល កំពត មានសមណសិស្ស ២៤៧អង្គ ចែកជា ១០បន្ទប់។
បើតាម លោកស្រី សយ សំអុល បានឲ្យដឹងបន្តថា មុខវិជ្ជាត្រូវប្រលងរួមមាន ភាសាបាលី ព្រះវិន័យ សរសេរតាមអាន និងគណិតវិទ្យា៕