(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក WANG Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ក្រោមគម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា នៅខេត្តសៀមរាប។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា គម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិននេះ បានផ្ដល់ជូនអង្គភាព CMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន ១០លានដុល្លារអាមេរិក។

លោក ហេង រតនា បានបន្ថែមទៀតថា ជាលទ្ធផលទាំង២ដំណាក់កាលនេះ អង្គភាព CMAC បានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៧៤,៩២២,៧៨៤ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះសរុបចំនួន៧១,៥៥៨គ្រាប់។ គម្រោងនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សរុបចំនួន២១៤,៦៦១គ្រួសារ។

ចំពោះជំនួយដំណាក់កាលទី៣នេះ ដែលត្រូវបើកប្រតិបត្តិការនោះពេលនេះ រដ្ឋាភិបាលចិនបានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង ជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រអង្គភាព CMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្ត ចំនួន០៣រួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួនចំនួន៤.៤លានដុល្លារអាមេរិក។ ជំនួយនេះជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន ១៣.២លានដុល្លារអាមេរិក​ ដែលត្រូវរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅខេត្តទាំង ៣ខាងលើជាង១០០គីឡូម៉ែតក្រឡា។

សូមបញ្ជាក់ថា ចំពោះសមិទ្ធផលក្នុងខេត្តសៀមរាប អង្គភាពស៊ីម៉ាក់ បានចាប់ផ្ដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម គិតត្រឹមចុងឆ្នាំ២០២២​កន្លងទៅនេះ សម្រេចបានលទ្ធផល មានជាអាទិ៍ដូចជា បោសសម្អាតរំដោះផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន៥១,៧៩០,៨៦៥ម៉ែត្រក្រឡា រុករកឃើញកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ សរុបចំនួន២៩,១៨៥គ្រាប់។

គម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះ សំដៅបោសសម្អាតសំណល់ជាតិ ផ្ទុះពីសង្គ្រាមគ្រប់ប្រភេទដែលជំនួយមនុស្សធម៌នេះ​ មិនត្រឹមតែលុបបំបាត់ការភ័យខ្លាច ចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម​បង្កើនសុខសន្តិភាពផ្លូវកាយផ្លូវចិត្តប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមកម្ពុជា កាន់តែរីកចំរើនខ្លាំងក្លាថែមទៀត៕