(កណ្ដាល)៖ រឿងសហាយស្មន់ឈានដល់ការសម្លាប់មនុស្សច្រកបាវបណ្តែតទឹកទន្លេ រហូតមកទល់ពេលនេះ សមត្ថកិច្ចបានវែកមុខជនដៃដល់ពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នា ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។
មន្ត្រីតុលាការថ្លែងឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធនេះ ត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល សម្រេចនៅល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីឃាតកម្មគិតទុកជាមុន និងបទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៩និង មាត្រា២០០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ បទល្មើសនេះកំណត់ការផ្តន្ទាទោសអស់មួយជីវិត ។
សមត្ថកិច្ចបញ្ជាក់ថា ជនដៃដល់ជាប្តីមានឈ្មោះ ខេម ខេង អាយុ២៩ឆ្នាំ និងប្រពន្ធ ឈ្មោះចាប សុខជឿន អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ ។
នៅដំណាក់កាលសមត្ថកិច្ច ឈ្មោះ ខេម ខេង បានសារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែនដោយមូលហេតុ ឈ្មោះ លៃ លីន លបលួច ទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៍តាមទាន់ ពេលអ្នកទាំងពីរអោបថើបគ្នា។ បន្ទាប់មកខ្លួនបានប្រាប់ប្រពន្ធឲ្យទូរស័ព្ទហៅឈ្មោះលៃ លីន មកដើម្បីសម្លាប់ ។
រហូតដល់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០១៦ ខ្លួនបានឲ្យប្រពន្ធ ណាត់ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៍យក ប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាលឲ្យ សន្លប់ហើយ ក៍យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៍យកថង់ផ្លាស្ទិក ច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញ ឈាម និងយកការុ៉ង មានថង់ផ្លាស្ទីចខាងក្នុងច្រកសសពសែងពីរនាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាប្រហែល២០០ម៉ែត្រពីផ្ទះ រួចងូតទឹកចូលដេក ។ ចំណែក ចបកាប់ ទុកក្នុងរោងគោនិងខ្សែភ្លើង ដែក ដងឫស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ ។
ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថាជាឃាតកម្ម ដោយមានការគ្រោងរៀបចំគិតទុកជាមុន ផ្ដើមចេញពីអំពើ ផិតក្បត់ ក្នុងគ្រួសារ បង្កឲ្យមានគំនុំសងសឹក ទើបរៀបចំគម្រោង ការសម្លាប់ ដោយត្រៀមរៀបចំឧបករណ៍ដើម្បីធ្វើសកម្មភាពសម្លាប់ ដើម្បីដោះស្រាយគំនុំនិងបញ្ចប់ស្នេហាត្រីកោណ៕