(អាស៊ែបៃហ្សង់)៖ កម្ពុជា និងអាស៊ែបៃហ្សង់ បានបង្ហាញពីទស្សនវិស័យទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងបន្ថែមទៀតក្នុងវិស័យជាច្រើនរួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម មនុស្សធម៌។
ការបង្ហាញពីទស្សនវិស័យទំនាក់ទំនងនយោបាយ និងការប្តេជ្ញាចិត្តដូចនេះ នាឱកាសដែលលោកស្រីកិតិ្តសង្គបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អាលី អាសាដូវ (Ali Asadov) នាយករដ្ឋមន្រ្តីអាស៊ែបៃហ្សង់ នៅវិមានរដ្ឋាភិបាលអាស៊ែបៃហ្សង់ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ដែរថា លោកស្រីកិតិ្តសង្គបណ្ឌិត ឃួន សុដារី ចាប់ពីថ្ងៃទី ៧-១២ ខែមីនា ឆ្នាំ២០២៣ បានដឹកគណៈប្រតិភូ ចូលរួមវេទិកាបាគូសកលលើកទី១០ «The X Global Baku Forum» ដែលធ្វើឡើងក្រោមប្រធានបទ៖ «ពិភពលោកនាថ្ងៃនេះ៖ បញ្ហាប្រឈម និងក្តីសង្ឃឹម» ដែលវេទិកានេះក៏ត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់មួយសម្រាប់ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងកើតមានឡើងក្នុងសកលលោកផងដែរ៕